(ប៉េកាំង)៖ ទីបំផុតយានរ៉ូបូតនៃបេសកកម្ម ធាវិន-១ (Tianwen-1) របស់ចិន ដែលត្រូវចុះទៅលើផ្ទៃភពអង្គារ (Mars) ទទួលបានការដាក់ឈ្មោះផ្លូវការហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១។

ឈ្មោះវាគឺ ជូរ៉ង (Zhurong) ដែលជាឈ្មោះនៃព្រះអាទិទេពធាតុភ្លើង នៅក្នុងរឿងទេវកថាបុរាណចិន។ លោក វូ យ៉ានហ្វ័រ (Wu Yanhua) អនុប្រធានទីភ្នាក់ងារអវកាសចិន CNSA បានលើកឡើងថា ការដាក់ទឈ្មោះយានចល័ត (Rover) ទីមួយរបស់ចិន ដែលទៅស្រាវជ្រាវរុករកលើផ្ទៃភពអង្គារ តាមព្រះអាទិទេពភ្លើង តំណាងឲ្យការបញ្ឆេះឡើងនូវអណ្តាតភ្លើង នៃមហិច្ឆតាសិក្សាស្រាវជ្រាវភពរបស់ប្រទេសចិន។

គួរបញ្ជាក់ថា ការដែលចិនជ្រើសរើសយក ឈ្មោះអាទិទេពភ្លើងបែបនេះ គឺហាក់សមហេតុសមផលណាស់ ដ្បិតភពអង្គារ មានរហស្សនាម ថា ជាភពក្រហម។ បើតាមន័យត្រង់វិញនោះ ពាក្យ ជូ (Zhu) ដែលមានន័យថា ពរ ឬសេចក្តីប្រាថ្នា គឺបង្ហាញពីការជូនពរល្អៗរបស់ចិន សម្រាប់បេសកកម្ម ស្រាវជ្រាវរុករករបស់មនុស្សលោកយើង នៅក្នុងចក្រវាឡ រីឯពាក្យ រ៉ង (Rong) ដែលមានន័យថា សមាហរណកម្ម ឬកិច្ចសហប្រតិបត្តិការ គឺឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ចិន នៃការប្រើប្រាស់ទីអវកាសក្នុងគោលដៅសន្តិភាព និងការកសាងសហគមវាសនារួមសម្រាប់មនុស្សជាតិ។

សម្រាប់ពេលវេលាកំណត់នៃការទម្លាក់យាន Rover ឈ្មោះ Zhurong ចុះទៅលើភពអង្គារនោះ គឺមិនទាន់ត្រូវបានបញ្ជាក់ជាថ្មីទៀតឡើយ ប៉ុន្តែក្រោយការជ្រៀតចូលគន្លងគោចរ ជុំវិញភពអង្គារបានសម្រេច ដោយយានអវកាស Tianwen-1 កាលពីថ្ងៃខែកុម្ភៈ ឆ្នាំ២០២១ ទីភ្នាក់ងារអវកាសចិន CNSA ធ្លាប់បានអះអាងថា ខ្លួនត្រូវការពេលសិក្សា ២-៣ខែទៀត ដើម្បីរកមើលកន្លែងសមគួរបំផុត សម្រាប់ការចុះចត៕