(កោះបាលី)៖ ក្តីសង្ឃឹមកាន់តែថយចុះបន្តិចម្ដងៗនៅថ្ងៃសៅរ៍នេះ ក្នុងការជួយសង្គ្រោះជីវិតមនុស្សរាប់សិបនាក់ នៅលើនាវាមុជទឹកឥណ្ឌូណេស៊ី ដែលបានដំណឹងប៉ុន្មានថ្ងៃមកនេះ ខណៈបរិមាណអុកស៊ីសែនរបស់នាវាមុជទឹកនោះ ត្រូវបានគេជឿជាក់ថា បានអស់បាត់ទៅហើយ។ ពេលនេះអាចថាក្រុមសង្គ្រោះ ត្រឹមកំពុងបន្តស្វែងរកនាវាដែលបាត់ដំណឹង នៅក្នុងដែនទឹកកោះបាលីប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១។

ខណៈដែលយោធារាប់រយនាក់បានចាប់ផ្តើមចូលរួម ក្នុងប្រតិបត្តិការស្វែងរកនាវាមុជទឹកឥណ្ឌូណេស៉ី KRI ណាងហ្គឡា ៤០២ (KRI Nanggala 402) អាជ្ញាធរឥណ្ឌូណេស៉ីធ្លាប់បានបញ្ជាក់ថា នាវាដែលផលិតនៅប្រទេសអាល្លឺម៉ង់នេះ ត្រូវបានបំពាក់ដោយបរិមាណអុកស៊ីសែន អាចផ្គត់ផ្គង់សម្រាប់តែរយៈពេល ០៣ថ្ងៃប៉ុណ្ណោះបន្ទាប់ពីបាត់បង់ថាមពល។ ប៉ុន្តែពេលវេលាកំណត់នោះ បានកន្លងផុតបាត់ទៅហើយនៅព្រឹកថ្ងៃសៅរ៍នេះ ដោយគេនៅតែមិនទាន់ទទួលបាន សញ្ញាណាមួយពីនាវាដែលបាត់ដំណឹង ជាមួយនឹងនាវិកចំនួន ៥៣នាក់នោះនៅឡើយទេ។

គួរបញ្ជាក់ថា នាវាមុជទឹកមួយគ្រឿងក្នុងចំណោមនាវាមុជទឹកចំនួន ០៥គ្រឿងរបស់ប្រទេសឥណ្ឌូណេស៊ីបានបាត់ដំណឹង កាលពីព្រឹកថ្ងៃពុធសប្ដាហ៍នេះ ក្នុងកំឡុងពេលហ្វឹកហាត់សមយុទ្ធបាញ់គ្រាប់ពិត នៅឯដែនទឹកកោះបាលី។

ប្រទេសជិតខាងដូចជា សិង្ហបុរី និងម៉ាឡេស៊ីក៏ដូចជាប្រទេសអូស្រ្តាលី និងសហរដ្ឋអាមេរិក ក៏ស្ថិតក្នុងចំណោមប្រទេសដែលកំពុងចូលរួម ជួយក្នុងការតាមរកនាវាមុជទឹកនោះផងដែរ ជាមួយនិងនាវាចម្បាំងសរុបជាង ២០គ្រឿងដែលត្រូវបានដាក់ពង្រាយ ដើម្បីត្រួតពិនិត្យនៅក្នុងតំបន់ដែលជាគោលដៅស្វែងរក ក្នុងទំហំផ្ទៃសមុទ្រប្រហែល ៣៤គីឡូម៉ែត្រក្រឡា៕