(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺ (CDC) និងទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) បានចេញសេចក្តីថ្លែងការណ៍រួមមួយថា ការសម្រេចឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson អាចនឹងត្រូវធ្វើឡើងភ្លាមៗ ប៉ុន្តែវានឹងត្រូវអមជាមួយការព្រមាន ទៅជាមួយគ្នាផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១។

មន្ត្រីកំពូលរបស់ FDA បានបញ្ជាក់ថា សេចក្តីសម្រេចរបស់ស្ថាប័ននេះ នឹងចេញនៅក្នុងពេលឆាប់ៗ (អាចនៅថ្ងៃសៅរ៍នេះ ពេលវេលានៅអាមេរិក) ដើម្បីឲ្យវ៉ាក់សាំង Johnson & Johnson អាចត្រូវយកទៅប្រើប្រាស់ឡើងវិញបាន។ ដោយឡែកនាយក CDC លោកស្រី រ៉ូឈែល វ៉ាលែនស្គី (Rochelle Walensky) បានគូសបញ្ជាក់ប្រាប់ ក្នុងសន្និសីទសារព័ត៌មានមួយថា «យោងទៅលើការវិភាគយ៉ាងស៊ីជម្រៅ វាហាក់ដូចជាមានបញ្ហាមួយ (កំណកឈាម) ប៉ុន្តែហានិភ័យនោះ គឺស្ថិតនៅក្នុងកម្រិតទាបបំផុត»

នៅថ្ងៃសុក្រសប្តាហ៍នេះគណៈវិនិច្ឆ័យរបស់ CDC ក៏បានធ្វើការបោះឆ្នោតផងដែរក្នុងសំឡេងគាំទ្រ ១០ លើ ៤ ឲ្យវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson អាចប្រើប្រាស់លើមនុស្សអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលវាជាការណែនាំដូចខ្លួន បានដាក់ឲ្យអនុវត្តកន្លងមកនេះដែរ។

យ៉ាងណាក៏ដោយ សេចក្តីសម្រេចចុងក្រោយ អាចនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍សប្តាហ៍នេះ។ សហរដ្ឋអាមេរិកក៏ទំនងជានឹងសម្រេចចិត្ត ដូចអ្វីដែលនិយ័តករឱសថអឺរ៉ុប បានធ្វើរួចទៅហើយផងដែរ នោះគឺការអនុញ្ញាតឲ្យបន្តការប្រើប្រាស់វ៉ាក់សាំង Johnson & Johnson អមដោយការព្រមានពីសុវត្ថិភាព ឬផលប៉ះពាល់នៃវ៉ាក់សាំង ក៏ដូចជាការណែនាំមុននឹងប្រើ ព្រោះវ៉ាក់សាំងប្រភេទនេះមានគុណសម្បត្តិ ច្រើនលើសលុបជាងគុណវិបត្តិ។

គួរបញ្ជាក់ថា វ៉ាក់សាំង Johnson & Johnson ត្រូវបានអាជ្ញាធរអាមេរិក បញ្ជាឲ្យផ្អាកការប្រើប្រាស់ជាបណ្តោះអាសន្ន ក្រោយវ៉ាក់សាំងប្រភេទ «ចាក់តែមួយដូស» នេះត្រូវបានចាក់ជូនប្រជាជនជាង ៧.២លាននាក់ទៅហើយ។ ការផ្អាកនេះត្រូវបានធ្វើឡើង ក្រោយពីមានសេចក្តីរាយការណ៍ អំពីបញ្ហាកំណកឈាម (Blood clot) លើមនុស្សចំនួន ០៦នាក់ ដែលបានចាក់វ៉ាក់សាំងនេះរួច៕