(តូក្យូ)៖ ជប៉ុននឹងរៀបចំការធ្វើសមយុទ្ធយោធារួមមួយ ជាមួយសហរដ្ឋអាមេរិកនិងបារាំង នៅខែឧសភាខាងមុខនេះ ដែលវាត្រូវគេមើលឃើញថា ជាការឆ្លើយតបចំពោះសកម្មភាពចិននៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។
សមយុទ្ធយោធាខាងលើ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៧ ខែឧសភា នៅតំបន់កោះ Kyushu ចុងភាគនិរតីនៃប្រទេសជប៉ុន ហើយវានឹងជាសមយុទ្ធទ្រង់ទ្រាយធំលើកដំបូងនៅជប៉ុនផងដែរ ដែលមានការចូលរួមពី កងទ័ពជើងគោកនៃប្រទេសទាំងបី។
រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Nobuo Kishi បានថ្លែងដូច្នេះថា «តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរវាងជប៉ុន សហរដ្ឋអាមេរិក និងបារាំង យើងនឹងពង្រឹងក្បួនយុទ្ធសាស្រ្ត និងជំនាញនៃកងកម្លាំងស្វ័យការពារជប៉ុន ឲ្យកាន់តែប្រសើរក្នុងការការពារដែនកោះ នៅតំបន់ឆ្ងាយៗ»។
គួរបញ្ជាក់ថា ទីក្រុងតូក្យូក៏កំពុងព្យាយាមធ្វើឲ្យកាន់តែស៉ីជម្រៅ នូវកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយប្រទេសដទៃទៀត ក្រៅពីសម្ព័ន្ធដ៏សំខាន់របស់ខ្លួនគឺសហរដ្ឋអាមេរិក ដើម្បីទប់ទល់ការកើនឡើងនៃសកម្មភាពរបស់ទីក្រុងប៉េកាំង នៅឯតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។ បារាំងក៏ត្រូវគេមើលឃើញថា មានផលប្រយោជន៍លក្ខណៈយុទ្ធសាស្រ្ត នៅឯតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកផងដែរ ជាទីដែលទីក្រុងប៉ារីស មានដែនដីរដ្ឋមួយចំនួន ដូចជាកោះ Reunion នៅមហាសមុទ្រឥណ្ឌា និងប្រជុំកោះ French Polynesia នៅភាគ ប៉ាស៉ីហ្វិកខាងត្បូង៕