(វែលលីងតុន)៖ រដ្ឋមន្រ្តីឆ្លើយតបស្ថានការណ៍ជំងឺ COVID-19 នៅប្រទេសនូវែលសេឡង់ លោក Chris Hipkins នៅថ្ងៃសុក្រនេះបាននិយាយថា ប្រទេសនូវែលសេឡង់បានចាត់បញ្ចូលប្រទេសឥណ្ឌា (India), ប្រេស៊ីល (Brazil), ប៉ាពូណូវែលហ្គីណេ (Papua New Guinea) និងប្រទេសប៉ាគីស្ថាន (Pakistan) ជាប្រទេសដែលមានហានិភ័យខ្ពស់បំផុត នៃជំងឺឆ្លងរាតត្បាត COVID-19 ដើម្បីកាត់បន្ថយចំនួនអ្នកឆ្លងដែលធ្វើដំណើរចូលមកកាន់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។

តាមរយៈសេចក្តីថ្លែងការណ៍ លោក Chris Hipkins បានគូសបញ្ជាក់ថា «ក្នុងដំណាក់កាលចុងក្រោយ នៃការវិវត្ដន៍នៅព្រំដែនរបស់ប្រទេសនូវែលសេឡង់ រដ្ឋាភិបាលបានបង្កើតច្បាប់ថ្មីមួយ ដោយចាត់ថ្នាក់ប្រទេសដែលមានហានិភ័យខ្ពស់បំផុតនៃជំងឺ COVID-19 ដែលនឹងធ្វើឱ្យព្រំដែនកាន់តែមានភាពរឹងមាំ។ នេះគឺជាការឆ្លើយតបទៅនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃករណីឆ្លងនៅផ្នែកខ្លះនៃពិភពលោក និងផ្អែកលើអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេស ខណៈមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មី ដែលអាចធ្វើឱ្យមានហានិភ័យនៅព្រំដែនរបស់យើង»

គួរបញ្ជាក់ថា វិធានការខាងលើនឹងចូលជាធរមាន ចាប់ពីម៉ោង ១១៖៥៩នាទីយប់ថ្ងៃទី២៨ ខែមេសាខាងមុខនេះតទៅ។ បណ្ដាប្រទេសនានា ដែលត្រូវបានគេចាត់ថ្នាក់ជាប្រទេសដែលមានហានិភ័យខ្ពស់បំផុតនៃជំងឺ COVID-19 គឺជាប្រទេសដែលមានករណីឆ្លងជាង ៥០ករណីក្នុងចំណោមអ្នកទេសចរ ១,០០០នាក់ដែលបានធ្វើដំណើរមកដល់ប្រទេសនូវែលសេឡង់ក្នុងឆ្នាំ២០២១ នេះ និងជាប្រទេសដែលមានអ្នកធ្វើដំណើរលើសពី ១៥នាក់ជាមធ្យមក្នុងមួយខែ។

ប្រទេសឥណ្ឌា ប្រេស៊ីល ប៉ាពូណូវែលហ្គីណេ និងប៉ាគីស្ថាន គឺជាប្រទេសដែលបច្ចុប្បន្នឈានដល់កំរិតនោះ ហើយជាលទ្ធផលអ្នកដំណើរមកពីប្រទេសទាំងនោះ នឹងត្រូវបានដាក់ការរឹតត្បឹតជាបណ្តោះអាសន្ន៕