(ម៉ានីល)៖ ក្រសួងសុខាភិបាល នៃប្រទេសហ្វីលីពីនបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ៨,៧១៩ករណីបន្ថែមទៀតត្រូវបានបញ្ជាក់នៅថ្ងៃសុក្រនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៩៧៩,៧៤០ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។

ក្នុងរយៈពេលដូចគ្នានេះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក៏បានកត់ត្រាករណីស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ១៥៩នាក់ផងដែរ ដែលនាំឲ្យអ្នកស្លាប់សរុបកើនដល់ ១៦,៥២៩នាក់នៅទូទាំងប្រទេស។

ក្រសួងសុខាភិបាលហ្វីលីពីនបានគូសបញ្ជាក់ថា បច្ចុប្បន្នករណីសកម្មដែលកំពុងសម្រាបព្យាបាលក្នុងមន្ទីរពេទ្យមានចំនួនសរុប ១០២,៧៩៩ករណី។

តំបន់មេត្រូម៉ានីល ដែលមានប្រជាជនរស់នៅជាង ១៣លាននាក់ នៅតែជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺ COVID-19 ដោយមានករណីសកម្ម និងថ្មីច្រើនជាងគេបំផុត។

គួរបញ្ជាក់ថា ហ្វីលីពីនដែលមានប្រជាជនចំនួនប្រមាណ ១១០លាននាក់ បានធ្វើតេស្តរកជំងឺ COVID-19 លើប្រជាជនរបស់ខ្លួន ចំនួន ជាង ១០.៥លាននាក់ហើយចាប់តាំងពីការផ្ទះឡើងនៃជំងឺនេះកាលពីមករាមក៕