(ញូដេលី)៖ មនុស្សយ៉ាងហោច ១៣នាក់បានស្លាប់ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះបន្ទប់សង្រ្គោះបន្ទាន់ នៃមន្ទីរពេទ្យមួយកន្លែង ដែលទទួលព្យាបាលអ្នកជំងឺ COVID-19 ស្ថិតនៅក្បែរទីក្រុង ម៉ុមបៃ (Mumbai) ភាគខាងត្បូងប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។

បើតាមអាជ្ញាធរឥណ្ឌា អគ្គីភ័យខាងលើបានឆាបឆេះនៅព្រឹកថ្ងៃសុក្រនេះ នៅឯមន្ទីរពេទ្យ វីចាយ វ៉ាលឡាប(Vijay Vallabh) ក្នុងតំបន់ វារ៉ា (Virar) នៃរដ្ឋ មហារ៉ាស្ត្រា (Maharashtra) ដែលស្ថិតនៅចម្ងាយ ៧០គីឡូម៉ែត្រពីភាគខាងជើងទីក្រុង Mumbai។ អគ្គិភ័យនេះត្រូវបានពន្លត់ រីឯមនុស្ស ០៤នាក់ត្រូវជួយសង្រ្គោះ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរខាង។ ប៉ុន្តែភ្លាមៗបែបនេះ មិនទាន់មានការបញ្ជាក់អំពីមូលហេតុ ដែលបណ្ដាលឱ្យមានអគ្គីភ័យនេះនៅឡើយ ស្របពេលអាជ្ញាធរកំពុងបើកការស៊ើបអង្កេត។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ក៏បានផ្ញើសាររំលែកទុក្ខដល់សាច់ញាតិជនរងគ្រោះផងដែរ។ អគ្គិភ័យខាងលើកើតឡើង ចំពេលដែលឥណ្ឌានៅថ្ងៃសុក្រនេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ដល់ទៅ ៣៣២,៧៣០នាក់ និងអ្នកជំងឺ ២,២៦៣នាក់ទៀតបាត់បង់ជីវិត នៅក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ។

ប្រឈមមុខនឹងការកើនឡើងករណីឆ្លងយ៉ាងគំហុកបែបនេះ ក្រុមអ្នកជំនាញនានាកំពុងព្រួយបារម្ភថា មន្ទីរពេទ្យ ឬប្រព័ន្ធសុខាភិបាលរបស់ឥណ្ឌា អាចនឹងរដួលរលំ ប្រសិនបើករណីឆ្លងនៅតែបន្តកើនឡើង ខណៈមន្ទីរពេទ្យកាន់តែច្រើនកំពុងខ្វះខាតគ្រែ និងបំពង់អុកស៊ីសែន, បន្ទប់សង្គ្រោះបន្ទាន់ និងឧបករណ៍ជំនួយការដកដង្ហើម៕