Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: អាមេរិកនឹងបញ្ជូនយន្តហោះ ទៅជួយស្វែងរកនាវាមុជទឹកឥណ្ឌូណេស៊ី (Video inside)

23-04-2021 12:43

(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចន ឃើប៊ី (John Kirby) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថា យោធាអាមេរិក នឹងបញ្ជូនក្រុមទ័ពអាកាសដើម្បីជួយឥណ្ឌូណេស៊ី ស្វែងរកនាវាមុជទឹកមួយគ្រឿង ដែលកំពុងបាត់ដំណឹងជាមួយនាវិក ៥៣នាក់នៅក្នុងនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។

លោក Kirby បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្រសួងការពារជាតិអាមេរិក មានការសោកស្តាយយ៉ាងខ្លាំង ចំពោះព័ត៌មាននៃនាវាមុជទឹកឥណ្ឌូណេស៉ី KRI Nanggala 402 ដែលបានបាត់ដំណឹងកាលពីថ្ងៃពុធសប្ដាហ៍នេះ ក្នុងអំឡុងពេលហ្វឹកហ្វឺន នៅម្ដុំដែនទឹកភាគខាងជើងកោះបាលី ហើយការព្រួយបារម្ភរបស់យើងនោះ គឺនាវិកឥណ្ឌូណេស៊ី និងក្រុមគ្រួសាររបស់ពួកគេ ដែលបានបាត់ខ្លួនជាមួយនាវានោះ។ តាមការអញ្ជើញរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី យើងកំពុងបញ្ជូនក្រុមទ័ពអាកាស ដើម្បីជួយស្វែងរកនាវាមុជទឹកដែលបាត់ដំណឹងនោះហើយ»

លោក Kirby បានគូសបញ្ជាក់បន្ថែម នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលថា រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ឡយ អោស្ទីន (Lloyd Austin) គ្រោងនឹងថ្លែងនៅថ្ងៃសុក្រសប្ដាហ៍នេះ ជាមួយរដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី លោក ប្រាបូរ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) ដើម្បីបង្ហាញពីភាពទុក្ខព្រួយរបស់យើង និងដើម្បីពិភាក្សាថា តើសហរដ្ឋអាមេរិកអាចមានជំនួយយ៉ាងដូចម្តេចខ្លះ។

គួរបញ្ជាក់ថា ការហៀរប្រេងមួយ ដែលត្រូវបានប្រទះឃើញក្បែរទីតាំង ដែលនាវាមុជទឹកឥណ្ឌូណេស៉ី KRI Nanggala 402 នោះមុជចូលជ្រៅទៅក្នុងទឹក បានចង្អុលបង្ហាញពីការខូចខាត ដែលអាចកើតមានឡើង ចំពោះធុងប្រេងឥន្ធនៈរបស់វា។ បើតាមការគណនា បន្តពីការចេញផ្សាយព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អុកស៊ីសែនក្នុងនាវាមុជទឹកខាងលើនេះ អាចផ្គត់ផ្គង់ដល់ក្រុមនាវិកត្រឹមតែ ៤៨ម៉ោងទៀតប៉ុណ្ណោះ៕