(ហ្សេរុយសាឡឹម)៖ ការសិក្សាសា្រវជ្រាវថ្មីមួយរបស់អ៉ីស្រាអែលបានបង្ហាញថា វ៉ាក់សាំងអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech មានប្រសិទ្ធភាពបង្ការ COVID-19 នៅក្នុងចំណោមមនុស្ស ដែលមានជំងឺប្រចាំកាយដូចជាទឹកផ្អែម និងជំងឺបេះដូងជាដើម។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។

បើតាមការសិក្សាស្រាវ និងវិភាគលើមនុស្ស ១.២លាននាក់របស់វិទ្យាសា្ថនស្រាវជ្រាវ ក្លាលីត (Clalit Research Institute) វ៉ាក់សាំង Pfizer-BioNTech មានប្រសិទ្ធភាព៨០ភាគរយបង្ការការឆ្លង COVID-19 នៅក្នុងចំណោមមនុស្សមានជំងឺបេះដូង និងជំងឺតំរងនោម ខណៈ ៨៦ភាគរយសម្រាប់មនុស្សមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ព្រមទាំង ៧៥ភាគរយសម្រាប់អ្នកមានជំងឺសសៃឈាមក្នុងខួរក្បាល និង ៨៤ភាគរយសម្រាប់អ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយ។

ការសិក្សាខាងលើឱ្យដឹងទៀតថា ចំពោះមនុស្សដែលបានចាក់វ៉ាក់សាំង និងមានជំងឺប្រចំាកាយ ៣ ឬច្រើនមុខ ឬក៏កត្តាហានិភ័យមួយចំនួនដូចជា ជំងឺបេះដូង, ជំងឺប្រព័ន្ធប្រសាទ, ជំងឺគ្រលៀន, ជំងឺសួត, ជក់បារី, មានផ្ទៃពោះ ឬធាត់លើសទម្ងន់ គឺវ៉ាក់សាំង Pfizer-BioNTech មានប្រសិទ្ធភាពការពារពួកគេពីជំងឺ COVID-19 បានរហូតដល់ ៨៨ភាគរយ។

បន្ថែមពីលើនេះ វ៉ាក់សាំង Pfizer-BioNTech ថែមទាំងអាចមានប្រសិទ្ធភាពច្រើនជាង ៩០ភាគរយ ក្នុងការការពារមិនឱ្យមានជំងឺធ្ងន់ធ្ងរ នៅក្នុងចំណោមមនុស្សមានជំងឺទឹកនោមផ្អែមប្រភេទទី ២, ជំងឺបេះដូង ឬជំងឺសសៃឈាមក្នុងខួរក្បាល និង ១០០ភាគរយសម្រាប់អ្នកដែលមាន ប្រព័ន្ធភាពសុំាទន់ខ្សោយផងដែរ៕