(ប៊ែរឡាំង)៖ ឆ្លើយតបនឹងកំណើននៃករណីឆ្លង COVID-19 ដែលមិនទាន់ធូរស្រាលទាំងនៅអាល្លឺម៉ង់ អឺរ៉ុប និងពិភពលោកទាំងមូល ប្រទេសអាល្លឺម៉ង់ដែលមានចំនួនប្រជាជន ច្រើនជាងគេនៅទ្វីបអឺរ៉ុប (៨៤លាននាក់) បានសម្រេចចិត្តថា នឹងបញ្ជាទិញវ៉ាក់សាំងបង្ការ COVID-19 Sputnik V របស់រុស្ស៊ីឲ្យបានចំនួន «៣០លានដូស»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១។
បំណងខាងលើនេះត្រូវបានលើកឡើង ដោយអភិបាលរដ្ឋ សាហ្សូនី (Saxony) របស់ប្រទេសអាល្លឺម៉ង់គឺលោក ម៉ៃខឺល ក្រេតឆ្មឺ ( Michael Kretschmer) ក្នុងឱកាសដែលលោកកំពុងស្ថិតនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ដើម្បីបំពេញទស្សនកិច្ចនៅថ្ងៃព្រហស្បតិ៍នេះ។ វ៉ាក់សាំងដែលរុស្ស៊ីចង់បានពីរុស្ស៊ី គឺដើម្បីបំពេញតម្រូវការនៅក្នុងខែមិថុនា កក្កដា និងសីហា ប៉ុន្តែគេត្រូវរង់ចាំការអនុញ្ញាតពី និយ័តករឱសថអឺរ៉ុបជាមុនសិន។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់លោក យែនស៍ ស្ពាន (Jens Spahn) ក៏ធ្លាប់បានលើកឡើងរួចមកហើយថា អាល្លឺម៉ង់កំពុងចរចាជាមួយរុស្ស៊ី ដើម្បីបង្កើតកិច្ចព្រមព្រៀងទិញវ៉ាក់សាំង Sputnik V។ កាលពីសប្តាហ៍មុននេះ អាល្លឺម៉ង់បានអះអាងថា ប្រជាជនខ្លួន ១៦% បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 យ៉ាងហោចណាស់សម្រាប់ដូសដំបូង៕