(បាងកក)៖ នេះជាលើកដំបូងហើយដែលប្រទេសថៃ បានជួបប្រទះចំនួនអ្នកជំងឺ COVID-19 បាត់បង់ជីវិតរហូតដល់ ០៧នាក់ក្នុងមួយថ្ងៃ ខណៈអ្នកឆ្លងជំងឺនេះ ១,៤៧០នាក់ទៀតត្រូវបានកត់ត្រា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១។
បើតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ CCSA ករណីឆ្លងថ្មីៗទាំង ១,៤៧០នាក់ខាងលើនេះ គឺជាករណីឆ្លងក្នុងស្រុកទាំងអស់ ដោយក្នុងនោះ ៤៤៦នាក់ត្រូវបានរកឃើញនៅទីក្រុងបាងកក, ១១៨នាក់នៅខេត្តណុនថាបុរី, ៩៩នាក់នៅខេតឈៀងម៉ៃ និង ៩៧នាក់នៅខេត្តឈុនបុរី។
គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបង្ហាញពីសុទិដ្ឋិនិយមរបស់រដ្ឋាភិបាល នៅក្នុងការគ្រប់គ្រងស្ថានការណ៍ COVID-19 បើទោះបីជាករណីឆ្លងថ្មីៗនេះ បានក្លាយរលកបោកបក់ដ៏អាក្រក់មួយ សម្រាប់ប្រទេសថៃរួចទៅហើយក្តី។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ថៃមានករណីឆ្លង COVID-19 សរុប ៤៨,១១៣ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១១៧នាក់ និងជាសះស្បើយវិញ ២៩,៨៤៨នាក់ ខណៈអ្នកជំងឺ ១៨,១៤៨នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ ប្រទេសថៃសម្រេចបានជាង ៨៦៤,០០០ដូស ក្នុងនោះមនុស្សជាង ១៤១,៦០០នាក់បានទទួលការចាក់ដូសដំបូង និង ១០,៥៦០នាក់បានទទួលការចាក់គ្រប់ដូស៕