(បាងកក)៖ រដ្ឋាភិបាលថៃនឹងចេញវិញ្ញាបនប័ត្រចាក់វ៉ាក់សាំង ឬលិខិតឆ្លងដែនវ៉ាក់សាំង COVID-19 ដែលមានចុះហត្ថលេខាដោយលោកវេជ្ជបណ្ឌិត Opas Karnkawinpong ដែលជាអគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។
វិញ្ញាបនប័ត្រចាក់វ៉ាក់សាំង ឬលិខិតឆ្លងដែនវ៉ាក់សាំង COVID-19 នឹងត្រូវសសេរជាភាសាអង់គ្លេសដែលមានបញ្ជាក់ពីឈ្មោះ, ព័ត៌មានបុគ្គល រួមទាំងការបញ្ជាក់ ពីការចាក់វ៉ាក់សាំង ហើយវាអាចនឹងត្រូវបានប្រើប្រាស់សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស។
បើតាម The Nation វិញ្ញាបនប័ត្រចាក់វ៉ាក់សាំងខាងលើនឹងត្រូវផ្ដល់ជូនតែទៅដល់អ្នកទទួលបានរួចរាល់នូវការចាក់វ៉ាក់សាំងដែលត្រូវបានចុះបញ្ជីទទួលស្គាល់ ដោយអាជ្ញាធរនិយ័តករថៃ និងអង្គការសុខភាពពិភពលោក ហើយវិញ្ញាបនប័ត្រចាក់វ៉ាក់សាំងមួយនឹងត្រូវបញ្ជាក់ជូនបុគ្គលតែម្នាក់ប៉ុណ្ណោះ៕