(ប៉េកាំង)៖ ក្នុងឱកាសខួប១១០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យឈីងហ័រ (Tsinghua University) ជិតនឹងចូលមកដល់ កាលពីថ្ងៃទី១៩ ខែមេសា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចុះត្រួតពិនិត្យការងារ នៅសាលាឧត្តមសិក្សានេះ។
លោកបានត្រួតពិនិត្យបន្ទប់ពិសោធន៍បច្ចេកវិទ្យារូបភាពនិងវៃឆ្លាត ដើម្បីស្វែងយល់ពីសភាពការណ៍អំពី ការបង្កើនសមត្ថភាពច្នៃប្រឌិតថ្មីដោយខ្លួនឯង ការជួយមជ្ឈមណ្ឌលវិទ្យាសាស្ត្រសំខាន់ៗ លើពិភពលោកនិងការកសាងផ្នែកជឿនលឿន នៃការច្នៃប្រឌិតថ្មីជាដើម។ ក្រៅពីនេះ លោកស៊ី ជីនភីង បានជួបសំណេះសំណាលជាមួយ តំណាងគ្រូបង្រៀននិងនិស្សិត ហើយផ្លាស់ប្តូរយោបល់ជាមួយ ពួកគេយ៉ាងជិតស្និទ្ធផងដែរ។
លោកប្រធានាធិបតីចិន បានចង្អុលបង្ហាញថា សាលាឧត្តមសិក្សានាំមុខដែលប្រទេសចិនចង់កសាង គឺប្រកបដោយលក្ខណៈពិសេស សង្គមនិយមរបស់ប្រទេសចិន។ ចំណុចសំខាន់នៃការកសាងសាលាឧត្តមសិក្សានាំមុខគឺ លើកកម្ពស់គុណភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស ក៏និងកសាងប្រព័ន្ធសាលាឧត្តមសិក្សានាំមុខ លើកកម្ពស់សមត្ថភាពច្នៃប្រឌិតថ្មីរបស់ខ្លួន ក៏ដូចជាប្រកាន់ខ្ជាប់នូវការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ។
លោក ស៊ី ជីនភីង បន្តទៀតថា ការអប់រំរបស់ប្រទេសចិន គឺអាចបណ្តុះបណ្តាលអ្នកមានជំនាញខ្ពស់ យុវជនត្រូវមានឧត្តមគតិ យល់ដឹងពីសច្ចធម៌ ក្លាយជាធនធានមនុស្ស រួចទើបអាចរងទំនួលខុសត្រូវសំខាន់បាន។ មានតែមនុស្ស ដែលមានអារម្មរណ៍ស្នេហាជាតិ ទើបអាចទទួលខុសត្រូវ ក្នុងការស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញ។
លោក ស៊ី ជីនភីង ធ្លាប់ចូលរៀននៅសកលវិទ្យាល័យឈីងហ័រ ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ អនុលោមតាម «បញ្ជីឈ្មោះចំណាត់ថ្នាក់សកលវិទ្យាល័យពិភពលោក» ដែលអង្គការ Quacquarelli Symonds បានចុះផ្សាយនៅឆ្នាំ២០២០ សកលវិទ្យាល័យឈីងហ័រ ជាប់ចំណាត់ថ្នាក់ទី១៥លើពិភពលោក៕