(រ៉ងហ្គូន)៖ កាលពីខែកញ្ញា ឆ្នាំ២០១២ អតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក ថេន សេន (Thein Sein) បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា ភាពរីកចម្រើនប្រជាធិបតេយ្យនៃប្រទេសរបស់លោកនឹងមិនដើរថយក្រោយវិញឡើយ។ តែជិត១០ឆ្នាំក្រោយ ការសន្យាបែបនេះរបស់លោក ថេន សេន បានរសាត់បាត់ទៅតាមខ្យល់ បន្ទាប់ពីលោកឧត្តមសេនីយ៍ មីន អោង ហ្លេង ដឹកនាំសកម្មភាពមួយដែលអន្តរជាតិចាត់ទុកថាជាការធ្វើរដ្ឋប្រហារដណ្ដើមអំណាចពី រដ្ឋាភិបាលជាប់ឆ្នោតលោកស្រី អោង សាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ។

មីយ៉ាន់ម៉ាបច្ចុប្បន្នកំពុងប្រឈមមុខនឹងវិបត្តិនយោបាយ សេដ្ឋកិច្ច និងអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ។ ម្ខាងរដ្ឋាភិបាលយោធានៅតែបន្តប្រើធម៌ក្ដៅ រីឯម្ខាងទៀតគឺ ក្រុមបាតុករគាំទ្រដោយរដ្ឋាភិបាលស្រមោលនៅតែបន្តធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងរបបយោធា ខណៈបណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកាន់តែបន្ថែមការដាក់ទណ្ឌកម្មលើរបបយោធាមីយ៉ាន់ម៉ា។ ដើម្បីព្យាយាមស្វែងរកដំណោះស្រាយដោយសន្តិវិធីសម្រាប់មីយ៉ាន់ម៉ា ថ្នាក់ដឹកនាំអាស៊ាននឹងបើកកិច្ចប្រជុំមួយក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៤ ខែមេសានេះ ហើយអគ្គមេបញ្ជាការលោក មីន អោង ហ្លេង ក៏ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងកិច្ចប្រជុំនេះដែរ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងនេះបាននិយាយថាអាស៊ានជាតួអង្គដ៏សំខាន់ក្នុងការស្វែងរក ដំណោះស្រាយបញ្ចប់វិបត្តិនៅមីយ៉ាន់ម៉ា។ អ្នកជំនាញភាគច្រើនក៏យល់ស្របដូចគ្នាពីតួនាទីអាស៊ាន ដ្បិតមីយ៉ាន់ម៉ាក៏ជាសមាជិកអាស៊ានដែរ។

*តើគេអាចរំពឹងអ្វីខ្លះពីកិច្ចប្រជុំកំពូលអាស៊ាន?

កិច្ចប្រជុំកំពូលផ្ដួចផ្ដើមដោយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នឹងប្រព្រឹត្តទៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៤ ខែមេសានេះ ហើយថ្នាក់ដឹកនាំអាស៊ានត្រូវបានគេរំពឹងថានឹងពិភាក្សាគ្នាពីវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។ បើតាមអ្នកជំនាញដូចជាលោកស្រី អេលីណា នួរ (Elina Noor) ជានាយកកិច្ចការសន្តិសុខ-នយោបាយ និងនាយករងនៃវិទ្យាសា្ថនគោលនយោបាយសង្គមអាស៊ី (Asia Society Policy Institute) មានមូលដ្ឋានក្នុង ទីក្រុងវ៉ាស៊ីនតោន អាស៊ានគួរតែចាត់វិធានការដោយផ្ទាល់ ឬព្យួរសមាជិកភាពរបស់មីយ៉ាន់ម៉ាជាបណ្ដោះអាសន្នដោយសារការធ្វើរដ្ឋប្រហារ។

សហភាពអាហ្រ្វិកបានព្យួរសមាជិកភាពរបស់ប្រទេសម៉ាលី ក្រោយការធ្វើរដ្ឋប្រហារ។ ប៉ុន្តែ ដោយអនុវត្តតាមគោលការណ៍កង់សង់ស៊ីល (មូលមតិ ឬទាល់តែ សមាជិកទំាងអស់យល់ព្រម) និងការមិនលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសជាសមាជិកដទៃ អាស៊ានប្រហែលជានឹងមិនចាត់វិធានការបែបនេះ ឡើយ។ ប្រទេសជាសមាជិកអាស៊ានភាគច្រើនមានការយល់ស្របដូចគ្នាថាការដាក់ទណ្ឌកម្មមិនមែនជាមធ្យោបាយដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាទេ ផ្ទុយទៅវិញ ទណ្ឌកម្មតែងតែធ្វើឱ្យប្រជាជនស៊ីវិលទៅវិញទេរងការឈឺចាប់។

តែទោះជាបែបនេះក្ដី មិនមែនមានន័យថាអាស៊ាននឹងបណ្ដោយឱ្យវិបត្តិមីយ៉ាន់ម៉ារីកកាន់តែធំ ឬផ្ទុះសង្រ្គាមស៊ីវិលនោះទេ ពីព្រោះវិបត្តិមីយ៉ាន់ម៉ាគឺជាវិបត្តិអាស៊ាន ទាំងមូល។ បើសង្គ្រាមផ្ទុះឡើងមែន នោះអាស៊ានទាំងមូលនឹងត្រូវឈឺក្បាលនឹងវិបត្តិជនភៀសខ្លួន។ ដូច្នេះចង់ឬមិនចង់ ខណៈប្រទេសទាំងអស់កំពុងជាប់ដៃរៀងៗ ខ្លួនដោះស្រាយវិបត្តិ COVID-19 នៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន អាស៊ាននឹងនៅតែបន្តជំរុញឱ្យភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងភាគីពាក់ព័ន្ធរក្សា ការអត់ធ្មត់, បញ្ចៀសអំពើហិង្សា ហើយត្រឡប់មករកតុចរចាវិញស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធី។ អាស៊ានក៏នឹងអំពាវនាវផងដែរឱ្យដោះលែង លោកស្រី អោង សាន ស៊ូជី និងអ្នកដែលកំពុងជាប់ឃុំដើម្បីបើកផ្លូវឆ្ពោះទៅរកតុចរចា។

*សេណារីយ៉ូដែលអាស៊ានត្រូវប្រឈម

មានសេណារីយ៉ូនយោបាយជាច្រើនដែលអាស៊ានអាចនឹងត្រូវប្រឈម។ សេណារីយ៉ូទីមួយ៖ គឺត្រូវទទួលស្គាល់លទ្ធផលបោះឆ្នោតសកលកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដែលបង្ហាញថាគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អោង សាន ស៊ូជីជាអ្នកទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។ ការទទួលស្គាល់ លទ្ធផលបោះឆ្នោតនេះជាដំណោះស្រាយបែបប្រជាធិបតេយ្យ ត្រឹមត្រូវតាមសីលធម៌ និងនយោបាយ។ ប៉ុន្តែវាប្រហែលជាមិនអាចកើតឡើងឡើយ ពីព្រោះយោធាមីយ៉ាន់ម៉ានឹងមិនទទួលយកទេ។

សេណារីយ៉ូទី២៖ ទទួលយកគំនិតរៀបចំការបោះឆ្នោតឡើងវិញតាមការសន្យារបស់លោក មីន អោង ហ្លេងដែលថានឹងប្រគល់អំណាចឱ្យទៅអ្នកឈ្នះ។ នេះជា ជម្រើសមួយដ៏ស្មុគស្មាញ ដោយវានឹងត្រូវបានជំទាស់ ឬពិហការមិនចូលរួមពីសំណាក់គណបក្សរបស់លោកស្រីស៊ូជី ហើយក្រុមអ្នកជំនាញមួយចំនួនយល់ថា ការបោះឆ្នោតរៀបចំដោយយោធាមីយ៉ាន់ម៉ានឹងមិនអាចដោះស្រាយវិបត្តិនយោបាយបច្ចុប្បន្នទេ ផ្ទុយទៅវិញមានតែបង្កើតបញ្ហាបន្ថែមក្នុងនោះរួមមានទាំង បាតុកម្មតវ៉ា និងអំពើហិង្សា។

បើសិនជាសេណារីយ៉ូទី១ និងទី២មិនអាចកើតឡើង គេអាចងាកទៅមើលសេណារីយ៉ូទី៣។ សេណារីយ៉ូទី៣នេះនៅតែមានភាពមិនច្បាស់ តែវាអាចចាត់ទុកថាជា ដំណោះស្រាយមួយដែរ។ រដ្ឋាភិបាលស្រមោលដឹកនាំដោយគណបក្សរបស់លោកស្រីស៊ូជីបានស្នើឱ្យបង្កើតនូវ «ធម្មនុញ្ញសហព័ន្ធប្រជាធិបតេយ្យ» ឬហៅជាភាសា អង់គ្លេស «Federal Democracy Charter»។ ធម្មនុញ្ញនេះអាចនឹងក្លាយជាយន្ដការបែងចែកអំណាចរវាងរដ្ឋាភិបាលស៊ីវិល និងយោធាមីយ៉ាន់ម៉ាដូចដែលធ្លាប់បាន ធ្វើកាលពីឆ្នាំ២០១៥ ដោយរដ្ឋាភិបាលនឹងមានប្រធានាធិបតីម្នាក់, ទីប្រឹក្សារដ្ឋម្នាក់, អនុប្រធានាធិបតី២រូប, នាយករដ្ឋមន្ត្រីមួយរូប, រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រី។

*តើលោក មីន អោង ហ្លេងចង់បានអ្វីពីអាស៊ាន?

អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេងធ្លាប់បានប្រកាសជាសាធារណៈថាលោកនឹងរៀបចំការបោះឆ្នោតដ៏សេរី និងយុត្តិធម៌ជាមួយការសន្យាថា នឹងប្រគល់អំណាចឱ្យអ្នកឈ្នះ។ ដើម្បីសម្រេចគោលបំណងនេះបាន របបយោធាមីយ៉ាន់ម៉ាដឹងច្បាស់ថាត្រូវបន្តកិច្ចសន្ទនាជាមួយប្រទេសជិតខាងនៅក្នុងតំបន់ ហើយដើម្បីបន្តកិច្ចសន្ទនានេះទៀតសោត លោក មីន អោង ហ្លេងកាន់តែដឹងច្បាស់ទៅទៀតថាត្រូវបន្ធូរបន្ថយភាពតាននឹងនៅក្នុងស្រុក និងពិចារណាឬទទួលយក យោបល់ពីអាស៊ាន ក្នុងនោះមានទាំងការសន្យាសំខាន់បី គឺគ្មានអំពើហិង្សាប្រឆាំងក្រុមបាតុករតវ៉ាដោយសន្តិវិធី, ដំណើរការអន្តរកាលនៃប្រជាធិបតេយ្យ តាមរយៈកិច្ចសន្ទនា និងកិច្ចចរចា ព្រមទាំងគោរពតាមធម្មនុញ្ញអាស៊ាន។

ធ្វើដូច្នេះគឺលោក មីន អោង ហ្លេងចង់បានសម្បទានពីអាស៊ាននោះឱ្យប្លុកមួយនេះយល់ព្រមលើការស៊ើបអង្កេតពីការចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតសកលកាលពីខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈការបង្កើតគណៈកម្មាការស៊ើបអង្កេតមួយដែលមានសមាជិកមកពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងមន្ត្រីមកពីអាស៊ាន មុននឹងឈានដល់ការរៀបចំការបោះឆ្នោតថ្មីមួយ។

គួរបញ្ជាក់ថា ក្រោយព្យុះស៊ីក្លូន Nargis វាយប្រហារលើប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ២០០៨ ដោយផ្ដាច់ជីវិតមនុស្សជាង ៨៤,០០០នាក់ អាស៊ានបានដើរតួនាទី យ៉ាងសំខាន់ក្នុងការរៀបចំ និងផ្ដល់ជំនួយមនុស្សធម៌ទៅកាន់ប្រទេសដ៏ឯកោមួយនេះនៅពេលនោះ។ នៅពេលនេះដែរ របបយោធាមីយ៉ាន់ម៉ាក៏ប្រហែលជា មិនភ្លេចនោះទេថា ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា មានការចូលរួមចំណែកពីអាស៊ានដែរ ហើយត្រូវតែស្វែងរក ដំណោះស្រាយតាមក្របខណ្ឌអាស៊ានដើម្បីបង្ការទណ្ឌកម្មបន្ថែមពីសំណាក់សហគមន៍អន្តរជាតិ៕

ប្រភព៖ Diplomat, Nikkei (ថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១)