(បាងកក)៖ អាជ្ញាធរថៃនៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១,៤៥៨នាក់ និងស្លាប់០២ករណី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Nation Thailand នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៣៦៥នាក់ ត្រូវបានរកឃើញនៅក្នុងរាជធានីបាងកក ដែលជាចំនួនច្រើនជាងគេ ហើយបន្ទាប់មក គឺ១៣៤ករណី ត្រូវបានរកឃើញនៅខេត្ត Chiang Mai, ៨០ករណីនៅខេត្ត Chonburi និង ៦៩ករណីនៅខេត្ត Nonthaburi។ ចំណែកឯ ករណីអ្នកជំងឺ០២នាក់ដែលទើបតែស្លាប់ ក្នុងនោះមានម្នាក់ជាស្រ្តីអាយុ៥៦ឆ្នាំ នៅបាងកក និងម្នាក់ទៀតជាបុរសអាយុ៣២ឆ្នាំ នៅ Nonthaburi។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះ ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសថៃ បានកើនដល់ ៤៦,៦៤៣នាក់ ក្នុងនោះមាន អ្នកជាសះស្បើយ២៩,៣៧១នាក់ និងស្លាប់១១០នាក់។ រីឯយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺនេះវិញ គឺថៃបានចាក់សរុបចំនួន ៧១២,៦១០ដូស៕