(ហៃណាន)៖ មន្ត្រីចិនមួយរូប នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាប្រទេសចិន ត្រូវបានគេរំពឹងថានឹងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៣ពាន់លានដូសក្នុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។
ថ្លែងនៅឯអនុវេទិកានៃវេទិកាបូអាវ (Boao) សម្រាប់សន្និសីទប្រចាំឆ្នាំអាស៊ី ប្រធានក្រុមការងារអភិវឌ្ឍន៍វ៉ាក់សាំងនៃក្រុមប្រឹក្សារដ្ឋការពារ និងគ្រប់គ្រងយន្តការប្រឆាំងនឹងជំងឺឆ្លងរាតត្បាត COVID-19 លោក ឈិន សុងវើយ (Zheng Zhonhwei) បានគូសបញ្ជាក់ថាសមត្ថភាពផលិតនាពេលបច្ចុប្បន្ន របស់ប្រទេសចិនមានប្រហែល ៥ពាន់លានដូសក្នុងមួយឆ្នាំៗ។
លោក Zheng បានបន្ថែមទៀតថា នៅពេលមានការផ្ទុះឡើងនៃជំងឺ COVID-19 ប្រទេសចិនបានផ្តោតការយកចិត្តទុកដាក់ជាបន្ទាន់ ទៅលើការស្រាវជ្រាវនិងការអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺនេះ។ ប្រទេសចិនបានជ្រើសរើសធ្វើការស្រាវជ្រាវវ៉ាក់សាំងចំនួន១២ប្រភេទ ពីអង្គភាពស្រាវជ្រាវចំនួន១០នៅទូទាំងប្រទេស។
លើសពីនេះចិន បានអះអាងថានឹងផ្គត់ផ្គង់វ៉ាក់សាំងបន្ថែមទៀត នៅទូទាំងពិភពលោក នៅពាក់កណ្តាលឆ្នាំ២០២១នេះ៕