(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦០,៣១៧នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨៨៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣២,៥៣៦,៤៧០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៨២,៤៥៦នាក់ និងជាសះស្បើយឡើងសរុប ២៥,១០៥,៥៣៥នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ២១៣,៣៨៨,២៣៨ដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៣៣,២៦៦,៩៩៥នាក់ (ជាង ៤០%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ៨៦,២៣៣,៥០៦នាក់ (ជិត ២៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស (គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ពេលវេលានៅសហរដ្ឋអាមេរិក)៕