(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានហៅសាលក្រមសម្រេចឱ្យអតីតប៉ូលិសស្បែកសម្នាក់ជាប់ពិរុទ្ធពីបទមនុស្សឃាតលើបុរសស្បែកខ្មៅ George Floyd គឺជាការបោះជំហានមួយដ៏ធំឆ្ពោះទៅរកយុត្តិធម៌នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។
អតីតប៉ូលិសនៃទីក្រុង Minneapolis លោក Derek Chauvin ត្រូវបានតុលាការរកឃើញថាពិតជាបានប្រព្រឹត្តបទឧក្រិដ្ឋ ជុំវិញការយកជង្គង់សង្កត់ក George Floyd រយៈពេលជាង៩នាទីរហូតដល់បុរសស្បែកខ្មៅរូបនេះដាច់ខ្យល់ស្លាប់ កំឡុងការឃាត់ខ្លួនមួយកាលពីខែឧសភា ឆ្នាំ២០២០ ដែលបណ្ដាលឱ្យមានការតវ៉ា នៅទូទាំងពិភពលោកប្រឆាំងនឹងអំពើឃោរឃៅរបស់ប៉ូលិស និងការរើសអើងពូសាសន៍។ លោក ចូ បៃដិន បានហៅសាលក្រមនេះជាការបោះជំហានមួយដ៏ធំ ឆ្ពោះទៅរកយុត្តិធម៌នៅក្នុងសហរដ្ឋអាមេរិក។ ប្រធានាធិបតីរូបនេះបានគូសបញ្ជាក់ដោយសំដៅលើគ្រួសារ George Floyd ដូច្នេះថា៖ «គ្មានអ្វីអាចនាំបងប្រុស និងឪពុករបស់ពួកគេត្រលប់មកវិញឡើយ ប៉ុន្តែនេះជាការបោះជំហានមួយដ៏ធំឆ្ពោះទៅរកយុត្តិធម៌នៅក្នុងសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា គណៈវិនិច្ឆយមានសមាជិក១២រូប នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) បានរកឃើញថាអតីតប៉ូលិស Derek Chauvin មានអាយុ ៤៥ឆ្នាំ ពិតជាមានពិរុទ្ធលើបទចោទប្រកាន់ទាំងបី ក្នុងនោះរួមមានបទមនុស្សឃាតកម្រិតទី២, បទមនុស្សឃាតកម្រិតទី៣ និងបទមនុស្សឃាត។ តែ Chauvin នឹង ត្រូវជាប់ឃុំរហូតដល់ត្រូវបានផ្ដន្ទាទោសជាផ្លូវការដែលអាចឱ្យរូបលោកជាប់ពន្ធនាគាររាប់សិបឆ្នាំ៕