(ប៉េកាំង)៖ នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតឱសថចិន ស៉ីណូវ៉ាក់ បាយអូធិច (Sinovac Biotech) លោក យីន វៃតុង (Yin Weidong) នៅថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១នេះបាននិយាយថា ក្រុមហ៊ុននេះបានផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ២៦០លានដូសទៅទូទាំងពិភពលោកដោយជាង ៦០ភាគរយ ឬស្មើនឹង ១៦០លានដូស ត្រូវបានផ្គត់ផ្គង់ទៅក្រៅប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។
លោក Yin Weidong បានគូសបញ្ជាក់នៅឯវេទិកា ប៉អៅ (Boao ប្រចាំឆ្នាំសម្រាប់តំបន់អាស៊ីថា ក្រុមហ៊ុននេះកំពុងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាង ៦លានដូសក្នុងមួយថ្ងៃ។ លោក Yin បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមានផែនការជ្រើសរើសប្រទេសចំនួន ១០ ដើម្បីផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងនេះ ឲ្យបានឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅរួច»។
គួរបញ្ជាក់ថា បើតាមការគណនាដោយសារព័ត៌មាន Reuters ក្រុមហ៊ុនចិន Sinovac បានទទួលការបញ្ជាទិញវ៉ាក់សាំងសរុបជាង ៤៥០លានដូសរួចទៅហើយ ដោយក្នុងនោះភាគច្រើន គឺនឹងត្រូវផ្គត់ផ្គង់ទៅប្រទេសប្រេស៊ីល, ឥណ្ឌូណេស៊ី, តួកគី, និងឈីលី (ស៊ីលី) ជាដើម។ យ៉ាងណាក៏ដោយ Sinovac កន្លងមកនេះ ក៏បានអនុញ្ញាត ឲ្យមានការផលិតវ៉ាក់សាំងបង្ការ COVID-19 ជាមួយក្រុមហ៊ុនជាដៃគូនៅប្រស៊ីល និងឥណ្ឌូណេស៊ីរួចមកហើយដែរ៕