(ប៉េកាំង)៖ នាព្រឹកថ្ងៃទី២០ ខែមេសា ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២១ នៃវេទិកាប៉អៅស្តីពីអាស៊ី បានប្រារព្ធធ្វើនៅក្រុងប៉អៅ ខេត្តហៃណាន ប្រទេសចិន លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមវីដេអូ ដែលមានចំណងជើងថា «រួមសុខរួមទុក្ខដើម្បីជម្នះឧបសគ្គជោគវាសនា និងការរួមគ្នាកសាងអនាគត» តាមរយៈវីដេអូ។

លោកស៊ី ជីនភីង បានគូសបញ្ជាក់ថា ២០ឆ្នាំកន្លងមកនេះ ប្រទេសអាស៊ីបានជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ដោយស៊ីជម្រៅ សហការគ្នាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីជំរុញឱ្យអាស៊ីក្លាយទៅជាតំបន់ ដែលមានកម្លាំងរស់វើក និងប្រកបដោយសក្តានុពលកំណើនធំបំផុត នៅទូទាំងពិភពលោក។

ក្នុងឋានៈជាសមាជិកសំខាន់នៃអាស៊ី ប្រទេសចិនបានធ្វើឱ្យកំណែទម្រង់ និងបើកទូលាយកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ជំរុញយ៉ាងសកម្ម នូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីវិវឌ្ឍរីកចម្រើនជាមួយអាស៊ី និងរួមគ្នាអភិវឌ្ឍជាមួយពិភពលោកទាំងមូល។ វេទិកានេះ ជាសក្ខីភាពនៃដំណើរដ៏វិសាមញ្ញរបស់ប្រទេសចិន អាស៊ីនិងពិភពលោកទាំងមូល ហើយដើរតួនាទីយ៉ាងសំខាន់ផ្នែកកម្លាំងឥទ្ធិពល និងកម្លាំងចលករក្នុងការជំរុញឱ្យ អាស៊ីនិងពិភពលោកទាំងមូលវិវឌ្ឍរីកចម្រើន។

លោក ស៊ី ជីនភីង បានថ្លែងថា កិច្ចការអន្ដរជាតិគួរតែដោះស្រាយ តាមការរួមគ្នាពិគ្រោះពិភាក្សា អនាគតនិងជោគវាសនារបស់ពិភពលោក គួរតែត្រូវគ្រប់គ្រងដោយប្រទេសនានា។ មិនអាចយកច្បាប់ដែលកំណត់ដោយប្រទេសមួយ ឬប្រទេសមួយចំនួនតូច ទៅបង្ខំឱ្យប្រទេសដទៃអនុវត្តតាមនោះឡើយ ហើយឯកតោភាគីនិយមនៃប្រទេសមួយ ក៏មិនគួរប៉ះពាល់ដល់ ផលប្រយោជន៍ពិភពលោកទាំងមូលដែរ។ ពិភពលោកត្រូវការភាពយុត្តិធម៌ តែមិនមែនអនុត្តរភាពនោះទេ។ ប្រទេសធំត្រូវបង្ហាញពី ទំនួលខុសត្រូវកាន់តែច្រើន។

លោកបានសង្កត់ធ្ងន់ថា «ខ្សែក្រវាត់និងផ្លូវ» ជាមាគ៌ាដ៏ធំដែលបើកចំហ សម្រាប់យើងចាប់ដៃគ្នាឈានទៅមុខ មិនមែនផ្លូវលំរបស់ភាគីណាមួយទេ។ ប្រទេសទាំងឡាយណាដែលចាប់អារម្មណ៍ សុទ្ធតែអាចចូលរួមបាន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ទទួលបានផលប្រយោជន៍ជាមួយគ្នា។ ការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» គឺក្នុងគោលបំណងអភិវឌ្ឍន៍រួម ផ្តោតសំខាន់លើឈ្នះ-ឈ្នះ និងនាំមកនូវក្តីសង្ឃឹម។

លោកស៊ី ជីងភីង បានសង្កត់ធ្ងន់ថា ដល់ឆ្នាំ២០៣០ ការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ត្រូវបានរំពឹងថានឹងជួយប្រជាជន៧.៦លាននាក់ នៅលើពិពភលោកឱ្យចេញផុតពីភាពក្រីក្រខ្លាំង ហើយប្រជាជន៣២លាននាក់ចេញផុតពីភាពក្រីក្រកម្រិតមធ្យម។ ប្រទេសចិននឹងប្រកាន់ខ្ជាប់ស្មារតីបើកចំហនិងបរិយាប័ន្ន រួមសហការជាមួយបណ្តាភាគីនានា ដែលមានឆន្ទៈចូលរួមគំនិតផ្តួចផ្តើមនេះ ដើម្បីខិតខំកសាង «ខ្សែក្រវាត់និងផ្លូវ» ឱ្យទៅជា «ផ្លូវកាត់បន្ថយភាពក្រីក្រ» និង «ផ្លូវនៃកំណើន» ដើម្បីរួមចំណែកយ៉ាងសកម្មដល់ វិបុលភាពរួមរបស់មនុស្សជាតិ។

លោក ស៊ី ជីនភីង បានគូសបញ្ជាក់ថា មិនថាអភិវឌ្ឍដល់កម្រិតណាក៏ដោយ ក៏ប្រទេសចិននឹងមិនស្វែងរកការធ្វើអនុត្តរភាព មិនវាតទី និងមិនពង្រីកក្របខ័ណ្ឌអំណាចជារៀងរហូត ក៏ដូចជាមិនធ្វើការប្រកួតប្រជែងខាងសព្វាវុធផងដែរ។ ប្រទេសចិននឹងបន្តធ្វើជា ស្ថាបនិកនៃសន្តិភាពជាសកល ជាអ្នករួមចំណែកដល់ការអភិវឌ្ឍជាសកល និងជាអ្នកគាំពាររបៀបរៀបរយអន្តរជាតិ។

លោក ស៊ី ជីនភីង បន្តថា ក្នុងទំនាក់ទំនងរវាងប្រទេសនិងប្រទេស ត្រូវតម្កល់ទុកសមភាព ការគោរពគ្នា និងការជឿទុកចិត្តគ្នាជាអាទិភាព ការដែលតែងតែឆ្ការដៃឆ្ការជើង និងលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ គឺមិនអាចទទួលបានការគាំទ្រនោះទេ។ ត្រូវផ្សព្វផ្សាយពី គុណតម្លៃរួមរបស់មនុស្សជាតិ ពោលគឺសន្តិភាព វឌ្ឍនភាព យុត្តិធម៌ សច្ចធម៌ ប្រជាធិបតេយ្យនិងសេរីភាព ផ្តួចផ្តើមឱ្យអរិយធម៌ទីទៃគ្នា ផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា ដើម្បីជំរុញការអភិវឌ្ឍនៃអរិយធម៌មនុស្សជាតិ។

លោកស៊ី ជីនភីង បានថ្លែងថា បច្ចុប្បន្នជាយុគសម័យពោរពេញដោយបញ្ហាប្រឈម និងក្តីសង្ឃឹម។ តើសង្គមរបស់មនុស្សជាតិ ត្រូវដើរទៅកាន់ទិសដៅណា? តើយើងគួរតែបង្កើតអនាគតយ៉ាងម៉េច សម្រាប់មនុស្សជំនាន់ក្រោយ? ភាគីចិនសូមផ្តួចផ្តើមថា អាស៊ីនិងពិភពលោកទាំងមូល ត្រូវឆ្លើយតបនឹងការអំពាវនាវនៃយុគសម័យ ដើម្បីចាប់ដៃរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ បង្កើនអភិបាលកិច្ចសកល ដើម្បីឈានទៅរកទិសដៅកសាង សហគមន៍រួមវាសនាតែមួយ របស់មនុស្សជាតិដោយឥតឈប់ឈរ។

ដោយឡែក រយៈពេល២០ឆ្នាំបន្ទាប់ពីបានបង្កើតឡើង វេទិកាប៉អៅអាស៊ីបានសំដៅលើទ្វីបអាស៊ី និងទទួលស្វាគមន៍ពិភពលោកទាំងមូល បានក្លាយជាវេទិកាកំពូលអន្តរជាតិ ដែលមានឥទ្ធិពលខ្ពស់នៅសកលលោក។ លោក ស៊ី ជីនភីង បានចូលរួមពិធីបើកនៃវេទិកាអាស៊ីប៉អៅ ចំនួន៥លើក ហើយលោកបានប្រើប្រាស់ឃ្លាកំណាព្យចិន ដើម្បីពន្យល់យ៉ាងយ៉ាងរស់រវើកពី អត្ថន័យសំខាន់នៃការផ្តល់ ផលប្រយោជន៍គ្នានិងឈ្នះ-ឈ្នះ។

*ឆ្នាំ២០២១
«ប្រទេសចិនវិវឌ្ឍរីកចម្រើនជាមួយពិភពលោក ហើយអភិវឌ្ឍន៍រួមជាមួយពិភពលោក»។
«ក្នុងទូកតែមួយរួមជោគវាសនាគ្នា បើក្តាប់ជាប់ឱកាសបានល្អនឹងអាចបរទៅដល់ទីឆ្ងាយបាន»។

*ឆ្នាំ២០១៨
កំណែទម្រង់ បើកទូលាយ ច្នៃប្រឌិតថ្មី
«ដីពូនឡើងរហូតនឹងក្លាយជាភ្នំ ទឹកប្រមូលហូរចូលគ្នាក្លាយជាសមុទ្រ»។

*ឆ្នាំ២០១៥
បោះជំហានទៅកាន់សហគមន៍រួមវាសនា
«ពេលទន្លេធំមានទឹក ទន្លេតូចក៏ពេញ ពេលទន្លេតូចមានទឹក នោះកម្រិតទឹកទន្លេធំក៏នឹងឡើងខ្ពស់ដែរ»។
«អាស៊ីពាក់ព័ន្ធនឹងពិភពលោកទាំងមូល អាស៊ីត្រូវបោះជំហានឈានទៅរកសហគមន៍រួមវាសនា ដើម្បីបង្កើតអនាគតថ្មីដើម្បីអាស៊ី»។

*ឆ្នាំ២០១៣
រួមគ្នាបង្កើតអនាគត
«សាច់ញ្ញាតិនិងអ្នកជិតខាងសុទ្ធតែយកចិត្តទុកដាក់លើគ្នានិងសង្ឃឹមថាឱ្យមានក្តីសុខសប្បាយដល់គ្នា»។
«សន្តិភាពហាក់ដូចជាខ្យល់អាកាសនិងពន្លឺព្រះអាទិត្យ យើងទទួលបានផលប្រយោជន៍ពីក្នុងណឹងតែមិន ចាប់អារម្មណ៍ បើបាត់បង់ពួកវាគឺពិបាករស់រានមានជីវិតទេ»។

*ឆ្នាំ២០១០
ចាប់ដៃអភិវឌ្ឍន៍រួមគ្នា
«ការអភិវឌ្ឍបៃតងនិងប្រកបដោយនិរន្តរភាពជាចរន្តនៃយុគសម័យបច្ចុប្បន្ន»៕