(វៀងច័ន្ទ)៖ ប្រទេសឡាវនៅថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ចំនួន ០២ករណីបន្ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលឡាវ លោក ផុនណេផាឌិត សាងសាយ៉ារ៉ាត (Phonepadith Xangsayarath) បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារនេះថា ករណីឆ្លងថ្មីៗទាំង ០២ករណីខាងលើនេះ គឺជាស្ត្រីអាយុ ២៥ឆ្នាំម្នាក់រស់នៅក្នុងទីក្រុងវៀងច័ន្ទ ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយជនអន្តោប្រវេសន៍ខុសច្បាប់ មកពីប្រទេសថៃកាលពីថ្ងៃទី០៨ ខែមេសាកន្លងទៅនេះ និងជាស្ត្រីជនជាតិឡាវអាយុ ២៨ឆ្នាំម្នាក់ទៀត ដែលជាអ្នកធ្វើដំណើរពីប្រទេសថៃ ត្រលប់មកដល់ឡាវវិញកាលពីថ្ងៃទី១៩ ខែមេសាកន្លងទៅនេះ។
គួរបញ្ជាក់ថា រហូតមកដល់ថ្ងៃអង្គារនេះ ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសឡាវ បានកើនឡើងដល់ ៦០ករណីហើយ ក្នុងនោះមានអ្នកជំងឺ ០៩នាក់កំពុងបន្តទទួលការព្យាបាល នៅតាមមន្ទីរពេទ្យនៅឡើយ ខណៈអ្នកជំងឺ ៥១នាក់ទៀតបានជាសះស្បើយ និងបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ៕