(វ៉ាស៊ីនតោន)៖ រូបភាពផ្កាយរណបមួយចំនួនបង្ហាញថារុស្ស៊ីបានបង្កើតមូលដ្ឋានយោធាថ្មីមួយ នៅឯតំបន់គ្រីមៀដោយមានកងទ័ពរាប់ពាន់នាក់ឈរជើង នៅទីនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Post នៅថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១។
ចំនួនកងទ័ពរុស្ស៊ីនៅឯមូលដ្ឋានយោធាថ្មីក្នុងតំបន់គ្រីមៀ មិនទាន់ត្រូវបានគេដឹងឱ្យប្រាកដថាមានចំនួនប៉ុន្មាននាក់នោះទេ ខណៈសហរដ្ឋអាមេរិកបានអះអាងថា រុស្ស៊ីបានដាក់ពង្រាយកងទ័ពនៅតាមតំបន់ព្រំដែនអ៊ុយក្រែនច្រើនជាងកាលពីឆ្នាំ២០១៤ ជាពេលដែលរុស្ស៊ីត្រូវបានអឺរ៉ុប និងអាមេរិកចោទថាបានក្រសោបយក
តំបន់គ្រីមៀពីអ៊ុយក្រែន។
បើតាមរូបភាពផ្កាយរណបថតដោយក្រុមហ៊ុន PlanetLabs កាលពីថ្ងៃទី១៣ ខែមេសាកន្លងទៅ គេឃើញមានរថក្រោះយ៉ាងហោច ១,០០០គ្រឿងនិងតង់សម្រាប់ យោធាស្នាក់នៅជាច្រើនកន្លែង។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនថាបានចល័ត និងបង្កើនចំនួនកងទ័ពនៅតាមតំបន់ ព្រំដែន ស្របពេលមានការព្រួយបារម្ភថាទីក្រុងម៉ូស្គូកំពុងត្រៀមលុកលុយ ចូលអ៊ុយក្រែន។ ទាំងអាមេរិក និងអឺរ៉ុបបានស្នើឱ្យរុស្ស៊ីដកកងទ័ពចេញជាបន្ទាន់ តែទីក្រុងម៉ូស្គូអះអាងថាការចល័តកងទ័ពគឺធ្វើឡើងតែនៅក្នុងទឹកដីរុស្ស៊ីប៉ុណ្ណោះ ហើយថាសកម្មភាពយោធារបស់ខ្លួនមិនមែនជាការគំរាមកំហែងដល់ប្រទេស ណាមួយឡើយ៕