Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទេសចិនមានផែនការអនុម័តឲ្យប្រើ វ៉ាក់សាំងបង្ការកូវីដ-១៩ មកពីបរទេសជាលើកដំបូង

20-04-2021 16:39

(ញូយ៉ក)៖ កាសែតអាមេរិក Wall Street Journal បានរាយការណ៍ថា ប្រទេសចិនមានផែនការអនុម័តវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនបរទេសជាលើកដំបូង សម្រាប់ការប្រើប្រាស់ក្នុងប្រទេស នៅមុនខែកក្កដាខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១។

កាសែតអាមេរិក Wall Street Journal ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថា ទិន្នន័យធ្វើតេស្ដលើមនុស្សនៃវ៉ាក់សាំង COVID-19 អភិវឌ្ឍឡើង ដោយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech កំពុងស្ថិតនៅក្រោមការតាមដាន ហើយការចែកចាយវ៉ាក់សាំងនៅក្នុងស្រុកត្រូវបានរំពឹងថា នឹងទទួលបានការអនុញ្ញាត នៅរយៈពេល ១០សប្ដាហ៍ខាងមុខ។

បើតាម Wall Street Journal ក្រុមហ៊ុន BioNTech បានព្រមព្រៀងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន សៀងហៃ ហ្វូសាន់ ហ្វាម៉ា (Shanghai Fosun Pharma) លើការប្រគល់វ៉ាក់សាំង ១០០លានដូសទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២១នេះ ដោយរង់ចាំតែការអនុម័តប៉ុណ្ណោះ។

គួរបញ្ជាក់ថា គិតត្រឹមដើមសប្តាហ៍នេះ ប្រទេសចិនបានចាក់វ៉ាក់សាំងសរុបជិត ២០០លានដូសហើយជូនដល់ប្រជាជនទូទាំងប្រទេស។ ទោះបីជាចំនួននេះ មើលទៅហាក់ដូចជាច្រើនក៏ពិតមែន ប៉ុន្តែបើគិតពីភាគរយក្នុងនាមជាប្រទេស ដែលមានប្រជាជនជាង ១,៤០០លាននាក់នោះ ចិនត្រូវតែជំរុញការចាក់ឲ្យបានច្រើនជាងនេះទៀត ជាពិសេសប្រជាជនដែលស្ថិតនៅជួរមុខ៕