(បាងកក)៖ អ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្រ្តីថៃ លោក អនុឆា ភូរ៉ាផាឆៃស្រ៉ី (Anucha Burapachaisri) បានរាយការណ៍ថានាយករដ្ឋមន្រ្តីថៃ លោក ប្រយុទ្ធ ចាន់អូចា ជឿជាក់ថាវីរុសកូរ៉ូណា (COVID-19) នឹងស្ថិតនៅក្រោមការគ្រប់គ្រងបានក្នុងពេលឆាប់ៗ ព្រោះវិធានការតឹងរឹងត្រូវបានអនុវត្តនៅក្នុង ប្រទេសហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand នៅថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១។
បើតាមលោក Anucha ទោះជាវិធានការតឹងរឹងត្រូវបានអនុវត្តនៅក្នុងប្រទេសហើយក៏ដោយ ប៉ុន្តែរដ្ឋាភិបាលថៃបានចៀសវាងការដាក់ចេញនូវវិធានការបិទទ្វារ (lockdown) និងសូម្បីតែវិធានការបំរាមគោចរ ព្រោះវិធានការទាំងពីរនេះនឹងជះឥទ្ធិពលដល់ប្រទេសថៃទាំងមូលក្នុងផ្លូវអវិជ្ជមាន។
លោក Anucha បានឱ្យដឹងថានាយករដ្ឋមន្រ្តីថៃក៏ជឿជាក់ដែរថាសេដ្ឋកិច្ចថៃនឹងមានកំណើនឡើងវិញក្នុងឆ្នាំ២០២១ បើទោះបីជាមានការឆ្លងរីករាលដាល កាន់តែខ្លាំងនៃជំងឺ COVID-19 ក៏ដោយ ខណៈប្រជាជនថៃកំពុងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺនេះ។
លោក Anucha បន្ថែមទៀតថា រដ្ឋាភិបាលថៃបានបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់ ៦៣លានដូសក្នុងឆ្នាំ២០២១នេះ។ ក្រៅពីនេះ នាយករដ្ឋមន្រ្តីថៃក៏បានបង្កើតក្រុមការងារដើម្បីទទួលបានវ៉ាក់សាំងចំនួន ១០លានដូសទៀតផងដែរ។ ដូច្នេះយ៉ាងហោចណាស់ប្រជាជនប្រហែល៣៥លាននាក់ នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នេះនៅក្នុងឆ្នាំ២០២១នេះ។
លើសពីនេះទៀត បើតាមនាយករដ្ឋមន្រ្តីថៃ រដ្ឋាភិបាលក៏បានចំណាយថវិកាជិត ៣៨០លានបាតសម្រាប់គាំទ្រ និងជួយដល់សេដ្ឋកិច្ចដែលខូចខាតរបស់ ប្រទេសផងដែរ៕