(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេបាននិយាយថាការប្រឈមមុខជាមួយចិននៅសមុទ្រចិនខាងត្បូងនឹងក្លាយជាការបង្ហូរឈាម បើសិនជា ទីក្រុងប៉េកាំងធ្វើសកម្មភាពរុករកប្រេងនៅក្នុងតំបន់ជម្លោះដែនទឹកមែននោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១។
ថ្លែងនៅក្នុងសុន្ទរកថាខ្លីមួយតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃចន្ទសប្ដាហ៍នេះ និងជាលើកដំបូងបំផុតចាប់តាំងពីនាវាចិនរាប់រយគ្រឿងត្រូវបានប្រទះឃើញក្នុងតំបន់ថ្ម ប៉ប្រះទឹក វីតសាន់ (Whitsun) កាលពីខែមីនាកន្លងទៅ លោក ឌូតើតេនៅតែប្រកាន់ជំហរដដែលថាហ្វីលីពីនមិនចង់មានជម្លោះជាមួយចិនទេ។ ប៉ុន្តែលោកនឹង បញ្ជូននាវាចម្បាំងទៅកាន់តំបន់ជម្លោះ បើសិនជាចិនធ្វើសកម្មភាពរុករកប្រេងនៅទីនោះ។ ប្រធានាធិបតីហ្វីលីពីនរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនជា យើងធ្វើដំណើរទីនោះដើម្បីអះអាងពីយុត្តាធិការរបស់យើង នោះវាអាចនឹងក្លាយជាការបង្ហូរឈាម...យើងនឹងបញ្ជូននាវាចម្បាំងទៅកាន់តំបន់ជម្លោះហើយយើង នឹងធ្វើសកម្មភាពភា្លម បើពួកគេ (ចិន) ធ្វើសកម្មភាពរុករកប្រេងមែននោះ»។
គួរបញ្ជាក់ថា ភាពតានតឹងរវាងហ្វីលីពីន និងចិនបានផ្ទុះឡើងជាថ្មីកាលពីខែមីនាកន្លងទៅ បន្ទាប់ពីនាវាចិនរាប់រយគ្រឿងត្រូវបានប្រទះឃើញនៅឯតំបន់ថ្មប៉ប្រះទឹក Whitsun នៃទីប្រជុំកោះ Spratly ដែលជាតំបន់ជម្លោះដែនទឹករវាងប្រទេសជាច្រើនក្នុងនោះមានទាំងហ្វីលីពីន និងចិន។ ទីក្រុងប៉េកាំងបានច្រានចោលការទាមទារ ពីហ្វីលីពីនឱ្យនាវារបស់ខ្លួនចាកចេញ ដោយអះអាងថានាវាទាំងនោះសុទ្ធតែទូកនេសាទប៉ុណ្ណោះ៕