(ប៉េកាំង)៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១០ ផ្នែកព័ត៌មានសាធារណៈនៃអង្គការសហប្រជាជាតិបានផ្តួចផ្តើមនិងរៀបចំនូវ «ទិវាភាសាកំណើត» ក្នុងន័យជំរុញ ការធ្វើពិពិធកម្មវប្បធម៌ក្នុងប្រព័ន្ធអង្គការសហប្រជាជាតិនិងការប្រើប្រាស់ដោយស្មើភាពនូវភាសាទាំង៦ (អង់គ្លេស, បារាំង, រុស៊្សី, អេស៉្បាញ, អារ៉ាប់, ចិន) ដែលជាភាសាការងាររបស់អង្គការសហប្រជាជាតិ។
ដោយឡែក «ទិវាភាសាចិន» លើកដំបូងត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១០ ហើយចាប់ពីឆ្នាំ២០១១មកបានប្តូរទៅរៀបចំនៅថ្ងៃទី២០ ខែមេសា ជារៀងរាល់ឆ្នាំវិញ។ តាមស្ថិតិមិនទាន់ពេញលេញនៅលើពិភពលោកមានប្រជាជនប្រមាណ ១៥០០លាននាក់ដែលត្រូវជាប្រហែល២០% នៃចំនួនប្រជាជន ទូទាំងពិភពលោកបានប្រើប្រាស់ភាសាចិន។ ការដែលអង្គការសហប្រជាជាតិបង្កើត «ទិវាភាសាចិន» គឺបានឆ្លុះបញ្ចាំងយ៉ាងជាក់ច្បាស់នូវការបោះជំហាន ទៅមុខជាលំដាប់នៃតួនាទីរបស់ប្រទេសចិនលើឆាកអន្តរជាតិ។
យើងមិនពិបាកមើលឃើញទេថាស្របនឹងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មលើផ្ទៃអន្តរជាតិកាន់តែមមាញឹកឡើងនិងការវិវឌ្ឍរីកចម្រើនរបស់ប្រទេសចិន ភាសាចិនក៏ទទួលបានការទទួលស្គាល់និងប្រើប្រាស់ក្នុងក្របខណ្ឌកាន់តែទូលំទូលាយផងដែរ។ ជាពិសេសនៅថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២១ ភាសាចិនបានក្លាយជាភាសាផ្លូវការនៃអង្គការទេសចរណ៍ពិភពលោកនៃអង្គការសហប្រជាជាតិ ដែលជាការសបញ្ជាក់ថាប្រទេសចិននឹងដើរតួនាទីកាន់តែសកម្ម ថែមទៀតក្នុងកិច្ចការទេសចរណ៍អន្តរជាតិ ក៏ដូចជាចែករំលែកនូវបទពិសោធន៍និងឱកាសនៃការអភិវឌ្ឍវិស័យទេសចរណ៍របស់ប្រទេសចិនជាមួយពិភពលោក ដែលជាការរួមចំណែកយ៉ាងសកម្មចំពោះការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិផង។
ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថាប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងជាប្រភពភ្ញៀវទេសចរធំបំផុតរបស់ប្រទេសនិងតំបន់ជាច្រើន។ ក្នុងនោះ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ានចំនួន១១ឆ្នាំជាប់ៗគ្នា។ ចំណែកនៅឆ្នាំ២០២០ អាស៊ានក៏បានហក់ឡើងកំពូលតារាងដោយ បានក្លាយជាដៃគូពាណិជ្ជកម្មធំទី១របស់ប្រទេសចិន។ ក្រៅពីការធ្វើពាណិជ្ជកម្ម ប្រទេសចិនក៏បានបណ្តាក់ទុនដោយផ្ទាល់នៅប្រទេសជាច្រើនដែលបានជួយ ជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសពាក់ព័ន្ធផងដែរ។
ក្នុងន័យខាងលើនេះ យើងមិនពិបាកយល់ទេថាស្របនឹងកំណើនច្រើនឡើងៗនៃការវិនិយោគរបស់សហគ្រាសចិន ប្រទេសពាក់ព័ន្ធក៏មានតម្រូវការ កាន់តែខ្លាំងៗចំពោះធនធានមនុស្សផ្នែកភាសាចិន ពិសេសគឺនៅប្រទេសអាស៊ាន និងប្រទេសអាស៊ីបូព៌ាដែលយើងសង្កេតឃើញថាមានតម្រូវការខ្ពស់ចំពោះ ធនធានមនុស្សផ្នែកភាសាចិនទាំងវិស័យពាណិជ្ជកម្មនិងសេវាកម្ម ដែលនាំឱ្យភាសាចិនត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែក ប្រទេសកម្ពុជាដែលជាគោលដៅបណ្តាក់ទុននិងទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយពីសំណាក់សហគ្រាសនិងប្រជាជនចិនវិញភាសាចិនបានក្លាយជាជម្រើស ដ៏សំខាន់មួយសម្រាប់អ្នកដែលមានតម្រូវការក្នុងការធ្វើមុខជំនួញជាមួយក្រុមហ៊ុនចិនចូលបម្រើការងារនៅក្រុមហ៊ុនចិន និងផ្តល់សេវាទេសចរណ៍ជូន ភ្ញៀវទេសចរចិនជាដើម។
វប្បធម៌នៃប្រទេសទាំងពីរកម្ពុជានិងចិនមានភាពស៊ីសង្វាក់គ្នានិងប្រកបដោយបរិយាប័ន្ន ដែលបង្កើតបានជាចំណងមិត្តភាពដែកថែបដ៏ស្អិតល្មួតមិនអាចបេះចេញ ពីគ្នាបាន។ នយោបាយ «កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ» របស់ប្រទេសចិនបាននាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រជាជនចិនព្រមទាំងប្រជាជននៃប្រទេស និងតំបន់ពាក់ព័ន្ធ។ តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងការបង្កើតវេទិកាពាក់ព័ន្ធ ជាក់ស្តែងដូចជាគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» , កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន , ពិព័រណ៍ចិន-អាស៊ាន និងពិព័រណ៍នាំចូលចិនអន្តរជាតិជាដើម ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកយ៉ាងសកម្មចំពោះការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកនិងការលើកតម្កើងពហុភាគីនិយម៕
អត្ថបទដោយ៖ តាំង ស៊ីឡេង ជាបុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន