(ប៉េកាំង)៖ យោងតាមព័ត៌មានដែលបានចេញផ្សាយនៅលើវេបសាយក្រសួងការបរទេសចិន កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ លោក Le Yucheng អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន បានថ្លែងនៅពេលទទួលបទសម្ភាសន៍ពិសេស ជាមួយប្រព័ន្ធសារព័ត៌មាន AP ហើយនិយាយទាក់ទងនឹងគោលនយោបាយការបរទេសរបស់ចិនថា ការអភិវឌ្ឍន៍ដោយសន្តិវិធី គឺជាមូលដ្ឋានគ្រឹះ នៃការទូតរបស់ប្រទេសចិន ហើយត្រូវបានសរសេរចូល ក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសចិន។
ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ចិន តួនាទីអន្តរជាតិនិងឥទ្ធិពលអន្តរជាតិរបស់ប្រទេសចិន បានបន្តកើនឡើង។ ប៉ុន្តែទោះជាមានការអភិវឌ្ឍ និងការផ្លាស់ប្តូរយ៉ាងណាក៏ដោយ ក៏គោលនយោបាយការទូតឯករាជ្យនិងសន្តិភាពរបស់ចិន នឹងមិនផ្លាស់ប្តូរទេ ហើយគោលលំនាំការទូតដែលមិនធ្វើអនុត្តរភាព មិនវាតទី និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃទៀត ក៏មិនផ្លាស់ប្តូរដែរ។
យើងពិតជាមានភាពរុងរឿងនិងថ្កុំថ្កើងជាងកាលពីមុន ប៉ុន្តែយើងមិនក្រអឺតក្រទម និងមិនធ្វើអនុត្តរភាពនោះទេ។ យើងមិនយល់ឃើញថាប្រទេសខ្លាំងមុខជានឹងធ្វើអនុត្តរភាព បែរជាជឿជាក់យ៉ាងមុតមាំថា ប្រទេសដែលធ្វើអនុត្តរភាព មុខជានឹងថមថយ។
ការអភិវឌ្ឍរបស់ប្រទេសចិនមិនមែនដើម្បីយកឈ្នះឬជំនួសអ្នកណាទេ ហើយក៏មិនចង់ប្រជែងជាមួយអ្នកផ្សេងទៀត ដើម្បីជាអ្នកធំលើសគេលើពិភពលោកដែរ ប៉ុន្តែគឺដើម្បីធ្វើឱ្យប្រជាជនចិន មានជីវភាពកាន់តែល្អប្រសើរឡើង ហើយនិងជំរុញការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ៕