(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបាននិយាយថាគណបក្សសាធារណរដ្ឋ ឬបេក្ខជនណាម្នាក់មកពីគណបក្សមួយនេះចាំបាច់ ត្រូវតែរួបរួមគ្នានៅក្រោមរបៀបវារៈនៃ «គោលនយោបាយធ្វើឱ្យអាមេរិកអស្ចារ្យម្ដងទៀត» (MAGA) ដើម្បីគ្រប់គ្រងសភាឡើងវិញនៅក្នុងការបោះឆ្នោត ពាក់កណ្ដាលអាណត្តិនៅឆ្នាំ២០២២ ឬការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១។
លោក ដូណាល់ ត្រាំធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) និងជាការ ឆ្លើយតបទៅនឹងសំណួរថាតើគណបក្សសាធារណរដ្ឋគួរតែដើរតាមគោលនយោបាយ MAGA ដែរឬក៏យ៉ាងណា? លោក ត្រាំបានបញ្ជាក់ដូច្នេះថា៖ «បើសិនជាពួកគេចង់ឈ្នះ ពិតណាស់ពួកគេត្រូវតែគាំទ្រវា (MAGA)»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ មកទល់នឹងពេលនេះមិនទាន់បានបញ្ជាក់ថាលោកនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីម្ដងទៀតសម្រាប់ការបោះឆ្នោត ប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤ឡើយទេ។ ប៉ុន្តែលោកធ្លាប់អះអាងថាលោកអាចជួយឱ្យគណបក្សសាធារណរដ្ឋដណ្ដើមគ្រប់គ្រងសភាទាំង២ ពីគណបក្សប្រជាធិបតេយ្យមកវិញ៕