(វែលីងតោន)៖ បុគ្គលិកអាកាសយានដ្ឋាន Auckland នៃប្រទេសនូវែលសេឡង់ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 បន្ទាប់ពីនូវែលសេឡង់ទើបតែ បានចាប់ផ្តើមអនុវត្តគោលការណ៍ធ្វើដំណើរ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កជាមួយប្រទេសអូស្រ្តាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១។
នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Jacinda Ardern បានប្រាប់ថា បុគ្គលិកដែលឆ្លង COVID-19 រូបនោះ បានចាក់វ៉ាក់សាំងការពារគ្រប់ដូស ហើយបានធ្វើការងារសំអាតយន្តហោះ មានប្រភពមកពីបណ្តាប្រទេស ដែលគេដឹងថាមានការផ្ទុះរាលដាលនូវជំងឺនេះ។ បុគ្គលិកព្រលានយន្តហោះម្នាក់នោះ បានធ្វើតេស្តអវិជ្ជមាន COVID-19 កាលពីថ្ងៃទី១២ ខែមេសា ប៉ុន្តែបានតេស្តវិជ្ជមានកាលពីថ្ងៃទី១៩ ខែមេសា ក្រោមកម្មវិធីធ្វើតេស្តរក COVID-19 ជាប្រចាំ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ នូវែលសេឡង់និងអូស្រ្តាលី បានចាប់ផ្តើមអនុវត្តគោលការណ៍ធ្វើដំណើរដោយសេរីរវាងប្រទេសទាំងពីរ គឺពុំចាំបាច់តម្រូវឲ្យមានការធ្វើចត្តាឡីស័កឡើយ។ បើតាមលោកស្រី Ardern មិនមានតំរុយថា គោលការណ៍ធ្វើដំណើរនេះ នឹងត្រូវផ្អាកនោះទេ៕