(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃហៅកាត់ថា CCSA បានរាយការណ៍ថ្ងៃចន្ទនេះថា អ្នកឆ្លងជំងឺ COVID-19 សរុប ១,៤៤៣នាក់ទៀតត្រូវបានរកឃើញ តែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នារសៀលថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១។
ក្នុងរយៈពេលដូចគ្នានេះ អ្នកជំងឺ COVID-19 ចំនួន ០៤នាក់ទៀតក៏បានបាត់បង់ជីវិតផងដែរ ដោយក្នុងនោះម្នាក់ជាស្ត្រីជនជាតិថៃវ័យ ៧៨ឆ្នាំ និងពីរនាក់ទៀតជាបុរសជនជាតិថៃវ័យ ៧៨ឆ្នាំ និង ៣០ឆ្នាំ ខណៈម្នាក់ចុងក្រោយជាស្ត្រីជនជាតិឥណ្ឌាវ័យ ៨៤ឆ្នាំ។
បើតាមទិន្នន័យពី CCSA នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១,៤៤៣នាក់ខាងលើនេះ ០២នាក់ជាករណីនាំចូលមកពីក្រៅប្រទេស, ៣៥០នាក់រកឃើញនៅទីក្រុងបាងកក, ១១៦នាក់នៅខេត្តឈៀងម៉ៃ, ៨២នាក់នៅខេត្តឈុនបុរី និង ៦០នាក់នៅខេត្ត សាមុត ប្រាកាន ដែលសុទ្ធសឹងជាតំបន់កំពុងមានករណីឆ្លង COVID-19 ធ្ងន់ធ្ងរជាងគេ។
គិតត្រឹមថ្ងៃអង្គារនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៤៥,១៨៥ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១០៨នាក់ និងជាសះស្បើយឡើងវិញ ២៨,៩៥៨នាក់ ខណៈអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនានា បានកើនឡើងរហូតដល់ ១៦,១១៩នាក់។
គួរបញ្ជាក់ថា នៅទីក្រុងបាងកក ដែលមានករណីឆ្លងផ្ទុះឡើងខ្លាំងជាងគេនោះ សាលធំៗមួយចំនួនត្រូវបានច្នៃ ទៅជាមន្ទីរពេទ្យបណ្តោះអាសន្ន ដើម្បីព្យាបាលអ្នកជំងឺ COVID-19 និងជាកន្លែងធ្វើតេស្តរកអ្នកឆ្លង ដោយមិនគិតថ្លៃ។ ប្រទេសថៃមានការព្រួយបារម្ភចំពោះការទប់ស្កាត់រលកថ្មី នៃការឆ្លងរាតត្បាតនាពេលនេះ ព្រោះតែវាជាករណីឆ្លងវីរុស COVID-19 បំប្លែងថ្មីដែលមានប្រភពដើមមកពីចក្រភពអង់គ្លេស៕