Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតអនុប្រធានាធិបតីអាមេរិកលោក Walter Mondale ទទួលមរណភាពនៅអាយុ ៩៣ឆ្នាំ (Video inside)

20-04-2021 11:59

(វ៉ាស៊ីនតោន)៖ អតីតអនុប្រធានាធិបតីអាមេរិកលោក វ៉លទឺ ម៉ុនឌែល (Walter Mondale) បានទទួលមរណភាពហើយក្នុងអាយុ ៩៣ឆ្នាំ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១។

ពុំមានការបញ្ជាក់អំពីមូលហេតុនៃការស្លាប់របស់លោក Walter Mondale នោះឡើយ ខណៈមរណភាពរបស់លោកត្រូវបានប្រកាស ដោយក្រុមគ្រួសាររបស់លោកផ្ទាល់។ លោក Mondale ធ្លាប់បានបំពេញតួនាទី ជាអនុប្រធានាធិបតីអាមេរិក នៅក្នុងរដ្ឋបាលរបស់អតីតប្រធានាធិបតី ជីមមី ខាធើ (Jimmy Carter) ចាប់ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៨១។

អតីតប្រធានាធិបតីអាមេរិកលោក Jimmy Carter ដែលបច្ចុប្បន្នមានវ័យ ៩៦ឆ្នាំទៅហើយ បានចេញសេចក្តីថ្លែងការណ៍មួយ យ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំសូមសម្តែងមរណទុក្ខ ចំពោះការស្លាប់របស់មិត្តខ្ញុំគឺលោក Walter Mondale ដែលខ្ញុំផ្ទាល់ចាត់ទុកថា ជាអនុប្រធានាធិបតីដ៏ល្អបំផុត នៅក្នុងប្រវត្តិសាស្ត្រប្រទេសរបស់យើង»។

គួរបញ្ជាក់ថា ក្រៅពីលោក Jimmy Carter លោក ចូ បៃដិន ដែលជាប្រធានាធិបតីអាមេរិកបច្ចុប្បន្ន ក៏បានចូលរំលែកទុក្ខ ចំពោះក្រុមគ្រួសារលោក Walter Mondale ផងដែរ។ លោក ចូ បៃដិន បានចាត់ទុកអតីតអនុប្រធានាធិបតីអាមេរិក ដែលទើបបាត់បង់ជីវិតរូបនេះ គឺជាមនុស្សដ៏កម្របំផុត ដែលបានទទួលការគោរពជាសកល ហើយក៏ជាគំរូមួយសម្រាប់ការដឹកនាំរបស់លោក នៅក្នុងសម័យកាលនេះផងដែរ៕