(ប៉េកាំង)៖ «ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ជាបុព្វហេតុរួមរបស់មនុស្សជាតិទាំងមូល មិនត្រូវក្លាយជាល្បែងភ្នាល់នៃនយោបាយភូមិសាស្ត្រ គោលដៅវាយប្រហារប្រទេសដទៃទៀត និងលេសសម្រាប់ធ្វើរបាំងពាណិជ្ជកម្មនោះទេ»។ នេះជាទស្សនៈសំខាន់របស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង អំពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ដែលបានថ្លែងក្នុងកិច្ចប្រជុំកំពូលមេដឹកនាំចិន បារាំង និងអាល្លឺម៉ង់ តាមប្រព័ន្ធវីដេអូនៅពេលថ្មីៗកន្លងទៅនេះ។ ទស្សនៈនេះបានបង្ហាញដោយផ្ទាល់ នូវការប្រឈមសំខាន់ៗរបស់មនុស្សជាតិ លើវិស័យបម្រែបម្រួលអាកាសធាតុ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ទង្វើមិនសមហេតុផលដូចជាឯកតោភាគីនិយម និងការធ្វើឱ្យបញ្ហាជំងឺកូវីដ១៩ ក្លាយទៅជាបញ្ហានយោបាយជាដើម បាននាំមកចលាចល និងទុក្ខវេទនាច្រើនពេកដល់ពិភពលោក។ ប្រសិនបើក្នុងបញ្ហាទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍ ជានិរន្តរភាពរបស់មនុស្សជាតិនេះ សហគមន៍អន្តរជាតិ ជាពិសេសគឺប្រទេសប៉ែកខាងលិច មិនអាចទុកផលប៉ះពាល់ពោលខាងលើជាមេរៀននោះ នឹងបណ្តាលឱ្យមានផលវិបាកដ៏គ្រោះថ្នាក់។
មានសំណាងណាស់ នៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំចិន បារាំង និងអាល្លឺម៉ង់ តាមប្រព័ន្ធវីដេអូលើកនេះមេដឹកនាំនៃប្រទេសទាំងបី បានបង្ហាញដោយឯកភាពគ្នាថា ត្រូវប្រកាន់ខ្ជាប់ពហុភាគីនិយម អនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសដោយគ្រប់ជ្រុងជ្រោយ ក្នុងន័យរួមគ្នាបង្កើតប្រព័ន្ធគ្រប់គ្រងអាកាសធាតុសកល ប្រកបដោយយុត្តិធម៌ សមហេតុផល កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ ដើម្បីធ្វើឱ្យការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ជាសសរទ្រទ្រង់សំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងចិន និងអឺរ៉ុប។ នេះជាគំនិតឯកភាពរួមដ៏មានសារសំខាន់ណាស់ បើនិយាយចំពោះភាគីទាំងពីរចិន និងអឺរ៉ុបរហូតដល់ទូទាំងពិភពលោកផងដែរ។
បច្ចុប្បន្ននេះ លោក John Forbes Kerry បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ទទួលបន្ទុកកិច្ចការអាកាសធាតុ បានបំពេញទស្សនកិច្ចនៅប្រទេសជាច្រើន ដើម្បីធ្វើការងារនិយាយបញ្ចុះបញ្ចូល សម្រាប់កិច្ចប្រជុំកំពូលមេដឹកនាំទូទាំងពិភពលោក ដែលអាមេរិកនឹងរៀបចំនៅសប្តាហ៍ក្រោយ។ ដោយមកពីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ សហរដ្ឋអាមេរិកមិនដែលទទួលខុសត្រូវនិងជំពាក់ “បំណុល” ជាច្រើនក្នុងបញ្ហាអាកាសធាតុ ដូច្នេះត្រូវរង់ចាំសង្កេតមើលថា អាមេរិកមានសុទ្ធចិត្តឬអត់។
ប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ មេដឹកនាំចិន បារាំង និងអាល្លឺម៉ង់បានបង្ហាញនូវការប្តេជ្ញាចិត្ត និងប្រតិបត្តិការទៅកាន់ពិភពលោករួចរាល់ហើយ ឲ។ ក្នុងនាមជាភាគីផ្តួចផ្តើមគំនិត និងរៀបចំធ្វើកិច្ចប្រជុំកំពូល អំពីអាកាសធាតុរបស់មេដឹកនាំទូទាំងពិភពលោក សហរដ្ឋអាមេរិកគួរតែបញ្ជាក់ពីប្តេជ្ញាចិត្ត និងសុទ្ធចិត្តរបស់ខ្លួន ក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ នៅលើផ្ទៃអន្តរជាតិ៕