(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) បាននិយាយថា ប្រទេសរបស់លោកនឹងដាក់សម្ពាធលើបណ្ដាប្រទេសទាំងអស់ឱ្យកាត់បន្ថយការពឹងផ្អែកពេកទៅលើធ្យូងថ្ម ខណៈលោកសន្យាពីភាពជាមេដឹកនាំដ៏អស្ចារ្យ នៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១។
នៅក្នុងសុន្ទរកថានៅឯទីក្រុង អាន់ណា ផូលី (Annapolis) រដ្ឋ ម៉ារីលែនដ៍ (Maryland) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) លោក Antony Blinken បានចាត់ទុកថា «ការប្រែប្រួលអាកាសធាតុ» គឺជាបញ្ហាដែលគំរាមដល់សន្តិសុខជាតិអាមេរិកផង និងពិភពលោកផង ប្រសិនបើមិនមានការបង្កើន កិច្ចខិតប្រឹងប្រែងផ្ទាល់ខ្លួន ដើម្បីដោះស្រាយបញ្ហានេះទេ។ ប្រមុខការទូតអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា «វាពិតជាពិបាកក្នុងការស្រមៃថា សហរដ្ឋអាមេរិកនឹងទទួលបានជ័យជម្នះ លើយុទ្ធសាស្ត្រប្រកួតប្រជែងរយៈពេលវែងជាមួយចិន បើសិនជាយើងមិនអាចនាំមុខគេ ខាងបដិវត្តន៍ថាមពលកកើតឡើងវិញបានទេ»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអញ្ជើញមេដឹកនាំពិភពលោក ៤០រូប ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលមួយតាមវីដេអូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីបង្កើនមហិច្ឆតាពិភពលោក ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ៕