(ហ្សឺណែវ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយ នៅថ្ងៃចន្ទសប្តាហ៍នេះថា ពិភពលោកអាចធ្វើឲ្យជំងឺរាតត្បាតសកល COVID-19 ស្ថិតនៅក្រោមការគ្រប់គ្រងបាន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប្រសិនបើយើងអាចធ្វើការផ្គត់ផ្គង់ ធនធានដែលចាំបាច់ដោយ «យុត្តិធម៌»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១។
ប្រធាន WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានលើកឡើងថា «យើងមានធនធានជាច្រើន ដែលអាចនាំការឆ្លងរីករាលដាលនៃជំងឺ COVID-19 មកស្ថិតនៅក្រោមការគ្រប់គ្រងបាន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប្រសិនបើយើងអនុវត្តវាឱ្យបានជាប់លាប់ និងប្រកបដោយសមធម៌»។
ទោះយ៉ាងណា លោក Tedros Adhanom Ghebreyesus ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ «អត្រាប្រកាសអាសន្ន» ដែលជំងឺ COVID-19 នេះកំពុងឆ្លងរីករាលដាលនៅក្នុងចំណោមអ្នក ដែលមានអាយុចន្លោះពី ២៥-៥៩ឆ្នាំនៅទូទាំងពិភពលោក។ វាចំណាយពេលតែ ៩ខែប៉ុណ្ណោះ ដែលធ្វើឱ្យការស្លាប់កើនឡើងដល់ ១លាននាក់ ៤ខែកើនឡើងដល់ ២លាននាក់ និង ៣ខែកើនឡើងដល់ ៣លាននាក់»។
ជុំវិញបញ្ហានេះ សកម្មជនការពារបរិស្ថានវ័យក្មេង គឺយុវតី ហ្គ្រេតា ថាន់ប៊ឺក (Greta Thunberg) ដែលបានចូលរួមក្នុងសន្និសីទកាសែតខាងលើ ក្នុងនាមជាភ្ញៀវមកពីប្រទេសស៊ុយអែត បានធ្វើការឆ្លុះបញ្ចាំងពី «ការចាក់វ៉ាក់សាំងជាតិនិយម» ដោយនាងបានសម្តែងចំណាប់អារម្មណ៍ថា វាមិនសមហេតុផលទេដែលប្រទេសអ្នកមានៗ កំពុងផ្តល់អាទិភាពដល់ក្រុមពលរដ្ឋវ័យក្មេងរបស់ពួកគេ សម្រាប់ការចាក់វ៉ាក់សាំងមុនក្រុមដែលងាយរងគ្រោះខ្លាំងបំផុត នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
យុវតី Thunberg បាននិយាយទៀតថា មនុស្សម្នាក់ក្នុងចំណោមមនុស្ស ០៤នាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ប៉ុន្តែមានតែមនុស្សម្នាក់ប៉ុណ្ណោះក្នុងចំណោមមនុស្សជាង ៥០០នាក់នៅក្នុងប្រទេសក្រីក្រ បានទទួលការចាក់ថ្នាំវ៉ាក់សាំងនេះ។
គួរបញ្ជាក់ថា បើតាមយុវតី Thunberg រឿងត្រឹមត្រូវខាងសីលធម៌តែមួយគត់ដែលត្រូវធ្វើ គឺផ្តល់អាទិភាពសម្រាប់ការចាក់វ៉ាក់សាំងដល់ប្រជាជន ដែលងាយរងគ្រោះបំផុត មិនថាពួកគេរស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ឬប្រទេសដែលមានប្រាក់ចំណូលទាបនោះទេ ទើបពិភពលោកពិភពលោកអាចនាំការឆ្លងរីករាលដាល នៃជំងឺរាតត្បាតសកល (COVID-19) មកស្ថិតនៅក្រោមការគ្រប់គ្រងបាន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕