(រ៉ង់ហ្គូន)៖ មន្រ្តីអឺរ៉ុបបាននិយាយថា សហភាពអឺរ៉ុបនៅថ្ងៃចន្ទនេះ បានសម្រេចដាក់ទណ្ឌកម្មលើ មន្រ្តីយោធាភូមាចំនួន ១០រូប និងក្រុមហ៊ុនធំៗចំនួនពីរ ដែលជាប់ទាក់ទងនឹងការធ្វើរដ្ឋប្រហារ និងការបង្ក្រាបបង្ហូរឈាមទៅលើក្រុមបាតុករ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១។ ឪ
បន្ទាប់ពីកិច្ចពិភាក្សាតាមអនឡាញជាមួយសមភាគីអឺរ៉ុប រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់លោក Heiko Maas បាននិយាយថា «របបយោធាកំពុងបន្តធ្វើឱ្យមានអំពើហឹង្សា និងដឹកនាំប្រទេសឈានដល់ទីបញ្ចប់។ ដូច្នេះហើយទើបយើងកំពុងបង្កើនសម្ពាធដើម្បីនាំកងទ័ពចូលក្នុងតុចរចា»។
ក្រុមអ្នកការទូតអឺរ៉ុបបាននិយាយថា ក្រុមហ៊ុនទាំងពីរដែលទទួលរងការដាក់ទណ្ឌកម្ម ដោយការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ទិដ្ឋការ គឺសាជីវកម្មសេដ្ឋកិច្ចមីយ៉ាន់ម៉ា (MEC) និងក្រុមហ៊ុនសេដ្ឋកិច្ចមីយ៉ាន់ម៉ា (MEHL) ដែលគ្រប់គ្រងលើវិស័យជាច្រើន រួមមានទាំងវិស័យពាណិជ្ជកម្ម គ្រឿងស្រវឹង បារី និងទំនិញប្រើប្រាស់។ ចំណែកឯក្រុមមន្ត្រីដែលរងទណ្ឌកម្មវិញ គឺភាគច្រើនជាសមាជិកក្រុមប្រឹក្សារដ្ឋដែលកំពុងកាន់អំណាច ដែលត្រូវបានគេមើលឃើញថា ជាអ្នកទទួលខុសត្រូវចំពោះការធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
គួរបញ្ជាក់ថា វិធានការណ៍នេះនឹងចូលជាធរមាន នៅពេលត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិផ្លូវការរបស់សហភាពអ៊ឺរ៉ុប។ មហាអំណាចលោកខាងលិចកំពុងព្យាយាមបង្កើនសម្ពាធលើរបបដឹកនាំថ្មីរបស់មីយ៉ាន់ម៉ា ដោយផ្តោតលើប្រភពសេដ្ឋកិច្ចសំខាន់ៗរបស់ពួកគេ។ ចំណែកឯ សហរដ្ឋអាមេរិក និងអង់គ្លេសក៏បានដាក់ទណ្ឌកម្មលើ MEC និង MEHL របស់មីយ៉ាន់ម៉ារួចហើយដែរ។ មិនតែប៉ុណ្ណោះទីក្រុងវ៉ាស៊ីនតោនក៏បានចុះបញ្ជីក្រុមហ៊ុនត្បូងដែលគ្រប់គ្រងដោយរដ្ឋភូមា ចូលទៅក្នុងបញ្ជីខ្មៅផងដែរ៕