(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) នៅថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១នេះបានសម្រេចចិត្តលុបចោល ការបំពេញដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីញូដេលី ដែលគ្រោងនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយនេះ ដោយសារបារម្ភពីស្ថានការណ៍ COVID-19 បច្ចុប្បន្នក្នុងប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។
លោក បូរីស ចនសុន ធ្លាប់បានលើកពេលធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសឥណ្ឌា ម្ដងរួចមកហើយកាលពីខែមករាកន្លងទៅ នៅពេល COVID-19 ឆ្លងរាតត្បាតខ្លាំងនៅចក្រភពអង់គ្លេស។ សេចក្ដីថ្លែងការណ៍រួមគ្នាមួយរបស់រដ្ឋាភិបាលអង់គ្លេស និងឥណ្ឌាបានគូសបញ្ជាក់ដូច្នេះថា «ដោយសារបារម្ភពីស្ថានការណ៍ COVID-19 បច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន នឹងមិនអាចបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា នៅសប្ដាហ៍ក្រោយឡើយ... តែជំនួសមកវិញលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី និងលោក ចនសុន នឹងបើកកិច្ចពិភាក្សាមួយពីចម្ងាយ តាមវីដេអូនៅក្នុងខែមេសានេះលើការឯកភាពគ្នា និងប្រកាសដាក់ ចេញផែនការដ៏មានមហិច្ឆតារបស់អ្នកទាំង ២ សម្រាប់អនាគតនៃភាពជាដៃគូ រវាងចក្រភពអង់គ្លេស និងឥណ្ឌា»។
គួរបញ្ជាក់ថា ឥណ្ឌានៅថ្ងៃចន្ទនេះដែរបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 រហូតដល់ ២៧៣,៨១០នាក់បន្ថែមទៀត ក្នុងរយៈពេលតែ ២៤ម៉ោង កន្លងទៅនេះប៉ុណ្ណោះ ដែលនាំឲ្យចំនួនករណីឆ្លងទូទាំងប្រទេសកើនឡើងដល់ ១៥,០៥៧,០០០ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១៧៨,៧៦៩នាក់ និងជាសះស្បើយឡើងវិញជិត ១៣,០០០,០០០នាក់៕