(ញូដេលី)៖ រដ្ឋធានីញូដេលីនៃប្រទេសឥណ្ឌា នឹងត្រូវស្ថិតក្រោមវិធានការបិទខ្ទប់ ឬ lockdown រយៈពេលមួយសប្តាហ៍ ដោយចាប់ផ្តើមពីយប់ថ្ងៃចន្ទនេះទៅតែម្តង ខណៈស្ថានការណ៍ឆ្លងរាលដាលកាន់តែអាក្រក់ឡើងៗ ដោយមន្ទីរពេទ្យខ្វះគ្រែ និងអុកស៉ីសែនផ្គង់ផ្គង់សម្រាប់អ្នកជំងឺ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅល្ងាចថ្ងៃចន្ទ ទី ១៩ ខែមេសា ឆ្នាំ២០២១។
ប្រមុខរដ្ឋបាលទីក្រុងញូដេលី លោក អាវីន កេជ្រីវ៉ាល (Arvind Kejriwal) បានថ្លែងដូច្នេះថា «ប្រព័ន្ធសុខាភិបាលតំបន់ Delhi កំពុងស្ថិតនៅដំណាក់កាលផុយស្រួយជាទីបំផុត ស្របពេលដែលស្ថានការណ៍រាតត្បាត COVID-19 កំពុងតែបន្តធ្ងន់ធ្ងរខ្លាំងណាស់។ ប្រសិនបើយើងពុំអនុវត្តវិធានការបិទខ្ទប់ឥឡូវទេ នោះយើងអាចនឹងត្រូវប្រឈមមុខ មហន្តរាយធំជាងនេះទៅទៀត។ ដូច្នេះចាប់ពីយប់នេះទៅ រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ ទីក្រុងញូដេលីនឹងត្រូវស្ថិតក្រោមការបិទខ្ទប់»។
គួរបញ្ជាក់ថា វិធានការបិទខ្ទប់ស្រដៀងគ្នា ក៏ត្រូវបានអនុវត្តរួចជាស្រេច នៅតាមតំបន់ដទៃទៀតនៃប្រទេសឥណ្ឌាផងដែរ ដោយរួមទាំងនៅរដ្ឋ Maharashtra ភាគខាងលិច និងរដ្ឋ Tamil Nadu ភាគខាងត្បូង។ នៅថ្ងៃចន្ទនេះ ឥណ្ឌាបានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃ COVID-19 ដល់ទៅ ២៧៣,៨១០នាក់នៅទូទាំងប្រទេស ដែលជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត ខណៈអ្នកជំងឺជាង ១,៦០០នាក់ទៀតបានបាត់បង់ជីវិត៕