(ម៉ានីល)៖ អាជ្ញាធរសុខាភិបាលរបស់ហ្វីលីពីន នៅថ្ងៃចន្ទនេះ បានប្រកាសថា ការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca ឲ្យអ្នកមានវ័យក្រោម៦០ឆ្នាំ នឹងត្រូវប្រព្រឹត្តទៅដូចធម្មតាវិញ ក្រោយផ្អាកមួយរយៈ ដោយសារតែក្តីបារម្ភជុំវិញ របាយការណ៍នៅបរទេស អំពីបញ្ហាកំណកឈាមដ៏កម្រ ក្នុងចំណោមអ្នកក្មេងៗដែលទទួលវ៉ាក់សាំងនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១។
រដ្ឋលេខាធិការក្រសួងសុខាភិបាលហ្វីលីពីន លោកស្រី Maria Rosario Vergeire បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា អត្ថប្រយោជន៍របស់វ៉ាក់សាំង AstraZeneca នៅតែធំធេងលើសពីហានិភ័យរបស់វា ខណៈមានតែករណីចំនួនតូចប៉ុណ្ណោះ ដែលកើតមានផលប៉ះពាល់បញ្ហាកំណកឈាម ក្រោយចាក់វ៉ាក់សាំង AstraZeneca ដោយលោកស្រីសំដៅលើបណ្តាប្រទេសដទៃ ជាពិសេសនៅអឺរ៉ុប ដែលមានអ្នកចាក់វ៉ាក់សាំងជួបករណីនេះ។
គួរបញ្ជាក់ថា ហ្វីលីពីនបានផ្អាកចាក់វ៉ាក់សាំង AstraZeneca ឲ្យអ្នកមានអាយុក្រោម៦០ឆ្នាំ កាលពីថ្ងៃទី០៨ ខែមេសា ប៉ុន្តែគិតត្រឹមពេលនោះ ហ្វីលីពីនមិនទាន់មាននរណាម្នាក់ កើតបញ្ហាកំណកឈាម ក្រោយចាក់វ៉ាក់សាំងនេះឡើយ។ ហ្វីលីពីនទទួលបានវ៉ាក់សាំង AstraZeneca ចំនួនជាង៥សែនដូស តាមរយៈយន្តការអន្តរជាតិ COVAX។
មកទល់ឥឡូវ ហ្វីលីពីនចាក់វ៉ាក់សាំងជូនប្រជាជនបានចំនួនក្រោម១.៥លានដូស ដែលក្នុងនោះភាគច្រើនបំផុតទើបទទួលបាន០១ដូស ដំបូងប៉ុណ្ណោះ ខណៈវ៉ាក់សាំងដែលហ្វីលីពីនមាននៅក្នុងដៃ មួយចំណែកធំគឺជាវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinov ac៕