(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនបានប្រកាសនៅថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១នេះថា ខ្លួនបានដាក់សំណើមួយរួចហើយ ទៅកាន់របបយោធាមីយ៉ាន់ម៉ាឲ្យធ្វើការដោះលែង អ្នកកាសែតជនជាតិជប៉ុនម្នាក់ឈ្មោះ យូគិ គីតាស៊ូមិ (Yuki Kitazumi) ជាបន្ទាន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
ប្រធានលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រីជប៉ុនលោក កាត់ស៊ូណូប៊ុ កាតុ (Katsunobu Kato) បានថ្លែងប្រាប់អ្នកសារព័ត៌មាននានា នៅថ្ងៃចន្ទនេះថា លោកបានតាមដានសារព័ត៌មាន BBC Burmese ដែលចេញផ្សាយថា លោក Kitazumi ត្រូវបានកងកម្លាំងមីយ៉ាន់ម៉ានាំខ្លួនយកទៅ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ចេញពីលំនៅឋានរបស់លោកនៅទីក្រុងរ៉ង់ហ្គូន។
បើតាមលោក Kato ពេលនេះរដ្ឋាភិបាលជប៉ុន កំពុងតែធ្វើការទាក់ទងទៅកាន់អាជ្ញាធរមីយ៉ាន់ម៉ា ដើម្បីឲ្យពន្យល់អំពីការចាប់ខ្លួនអ្នកកាសែតជប៉ុនខាងលើនេះ ហើយជប៉ុនក៏បានអំពាវនាវឲ្យមីយ៉ាន់ម៉ា ដោះលែងលោក Kitazumi ឲ្យបានឆាប់រហ័សបំផុតតាមដែលអាចទៅរួច។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងបន្តអំពាវនាវឲ្យភាគីមីយ៉ាន់ម៉ា ឲ្យធ្វើការដោះលែង (អ្នកកាសែតជប៉ុន) ជាបន្ទាន់ ខណៈដែលយើងកំពុងប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ដើម្បីការពារជនជាតិជប៉ុននៅក្នុងប្រទេសនោះ (មីយ៉ាន់ម៉ា)»៕