(ដាម៉ាស់)៖ ប្រទេសស៊ីរីនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅខែឧសភាក្រោយនេះ ខណៈលោកប្រធានាធិបតី បាស្សា អាល់អាសាដទំនងជាអាចនឹងបន្តកាន់ អំណាចដដែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១។
ការប្រកាសពីការរៀបចំការបោះឆ្នោតប្រធានាធិបតីធ្វើឡើងដោយប្រធានសភាជាតិស៊ីរី លោក ហាមូដា សាបាគ (Hamouda Sabbagh)។ បើតាមលោក ហាមូដា ការបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតីម្នាក់ឱ្យដឹកនាំប្រទេសសម្រាប់អាណត្តិមានរយៈពេល ៧ឆ្នាំ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា។ ប្រធានសភា រូបនេះបន្ថែមថាបេក្ខជនប្រធានាធិបតីទាំងអស់នឹងអាចចុះឈ្មោះចូលរួមប្រកួតប្រជែងចាប់ពីថ្ងៃចន្ទសប្ដាហ៍នេះតទៅ រីឯប្រជាជនស៊ីរីនៅឯក្រៅប្រទេសអាចនឹង បោះឆ្នោតនៅឯស្ថានទូរស៊ីរី នៅថ្ងៃទី២០ ខែឧសភា។
គួរបញ្ជាក់ថា នេះគឺជាការបោះឆ្នោតប្រធានាធិបតីជាលើកទី២ ដែលនឹងប្រព្រឹត្តទៅអំឡុងសង្រ្គាមស៊ីវិលនៅស៊ីរី។ ការបោះឆ្នោតកាលពីឆ្នាំ២០១៤ដែលលោក អាសាដទទួលបានសំឡេងគាំទ្រដល់ទៅ៩២ភាគរយ ត្រូវបានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបចាត់ទុកថាផ្ទុយពីលទ្ធិប្រជាធិបតេយ្យ ហើយដូចគ្នាដែរការបោះ ឆ្នោតក្នុងឆ្នាំនេះ លោក អាសាដត្រូវបានគេរំពឹងថាបន្តកាន់អំណាចដដែល ស្របពេលរដ្ឋាភិបាលរបស់លោកកំពុងគ្រប់គ្រងទឹកដីស្ទើរតែទាំងស្រុង៕