(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុងបាននិយាយថាសហគមន៍អន្តរជាតិត្រូវតែកំណត់ឱ្យបានច្បាស់ពី «បន្ទាត់ក្រហម» ជាមួយរុស្ស៊ីហើយត្រូវ ត្រៀមខ្លួនដាក់ទណ្ឌកម្មចំពោះអាកប្បកិរិយាមិនអាចទទួលយកបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១។
លោក ម៉ាក្រុងធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ និងចំពេលដែលរុស្ស៊ីកំពុងបង្កើនវត្តមាន យោធានៅតាមតំបន់ព្រំដែនអ៊ុយក្រែន។ បើតាមលោកប្រធានាធិបតីបារាំង សហគមន៍អន្តរជាតិទាំងមូលត្រូវតែបញ្ជាក់ប្រាប់ទីក្រុងម៉ូស្គូឱ្យច្បាស់ថាខណៈត្រូវការកិច្ចសន្ទនា ដោយបើកចំហ និងស្មោះត្រង់ក៏ពិតមែន តែមិនត្រូវស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មចំពោះអាកប្បកិរិយាមិនអាចទទួលយកបានរបស់រុស្ស៊ីទេ។
លោក ម៉ាក្រុងបានគូសបញ្ជាក់ដូច្នេះថា៖ «ជាការចាំបាច់, យើងត្រូវតែដាក់ទណ្ឌកម្ម។ នេះជាអ្វីដែលយើងធ្លាប់បានធ្វើ (បន្ទាប់ពីរុស្ស៊ីក្រសោបយកតំបន់គ្រីមៀ ពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤)...ហើយខ្ញុំគិតថាយើងត្រូវតែកំណត់ឱ្យបានច្បាស់បន្ទាត់ក្រហមជាមួយរុស្ស៊ីដែលនេះជាមធ្យោបាយតែមួយគត់គួរឱ្យទុកចិត្តបាន»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រកន្លងទៅ លោក ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែលបានប្រកាសជាសាធារណៈពីការគំាទ្ររបស់ពួកគេចំពោះ អ៊ុយក្រែន ហើយបានស្នើឱ្យរុស្ស៊ីដកកងទ័ពចេញពីតំបន់ព្រំដែនជាបន្ទាន់។ រុស្ស៊ីធ្លាប់បានអះអាងថាការចល័តកងទ័ពរបស់ខ្លួនធ្វើឡើងនៅតែនៅក្នុងទឹកដីរបស់ខ្លួន តែប៉ុណ្ណោះ មិនមែនជាសកម្មភាពគំរាមកំហែងប្រទេសណាមួយឡើយ៕