(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១នេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ២៦១,៥០០នាក់ និងស្លាប់ថ្មី ១,៥០១នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសឥណ្ឌា កើនដល់ ១៤,៧៨៨,១០៩នាក់ ក្នុងនោះអ្នកស្លាប់ក៏បានកើនដល់ ១៧៧,១៥០នាក់់ ខណៈ ១២,៨០៩,៦៤៣នាក់បានជាសះស្បើយឡើងវិញ។
គួរបញ្ជាក់ថា នេះជាលើកដំបូងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះដែលឥណ្ឌាមានអ្នកឆ្លង COVID-19 ប្រចាំថ្ងៃលើស ២៦០,០០០នាក់ ហើយប្រឈមមុខនឹង ករណីឆ្លងយ៉ាងគំហុកបែបនេះ អាជ្ញាធរឥណ្ឌាបានរឹតបន្តឹងវិធានការរឹតត្បិត ដោយទីក្រុងញូដេលីបានដាក់ចេញបម្រាមគោចរចុងសប្ដាហ៍ដែលចាប់អនុវត្តពីយប់ថ្ងៃសុក្រ ដល់ព្រឹកថ្ងៃចន្ទ៕