(វ៉ាស៊ីនតោន)៖ នាវាចម្បាំងជាច្រើនគ្រឿងរបស់ចក្រភពអង់គ្លេសនឹងធ្វើដំណើរទៅកាន់តំបន់សមុទ្រខ្មៅ នៅខែឧសភាខាងមុខនេះចំពេលដែលរុស្ស៊ី និងអ៊ុយក្រែនកំពុង មានភាពតានតឹងគ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sunday Times នៅថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១។
ព័ត៌មាន Sunday Times ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីជាន់ខ្ពស់ម្នាក់មកពីកងនាវាអង់គ្លេសក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះជាមួយការបញ្ជាក់ថាការបញ្ជូននាវាចម្បាំងទៅកាន់តំបន់សមុទ្រខ្មៅ គឺដើម្បីបង្ហាញពីសាមគ្គីភាពជាមួយអ៊ុយក្រែន និងសម្ព័ន្ធមិត្ត NATO។ បើតាម Sunday Times នាវាចម្បាំងខាងលើក្នុងនោះរួមមាន នាវាពិឃាដបំពាក់មីស៊ីលប្រឆាំងយន្ដហោះចម្បាំង Type 45, នាវចម្បាំងប្រឆាំងនាវមុជទឹក Type 23 នឹងធ្វើដំណើរចេញពីតំបន់ សមុទ្រមេឌីទែរ៉ាណេ កាត់តាមច្រកសមុទ្របូសហ្វូរ៉ូស (Bosphorus) ចូលទៅកាន់សមុទ្រខ្មៅ។
បន្ថែមពីលើនេះ យន្ដហោះចម្បាំង F-35B និងឧទ្ធម្ភាគចក្រ Merlin នឹង ត្រៀមខ្លួនជាស្រេចនៅលើនាវាផ្ទុកយន្ដហោះចម្បាំងHMS Queen Elizabeth ដើម្បីគាំទ្រដល់ នាវាចម្បាំងទំាងនោះនៅក្នុងតំបន់សមុទ្រខ្មៅ។ ប៉ុន្តែខាងរដ្ឋាភិបាលទីក្រុងឡុងដ៍ មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេជុំវិញការចុះផ្សាយរបស់ Sunday Times។
គួរបញ្ជាក់ថា ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន បាននិងកំពុងឡើងកម្ដៅរឹតតែខ្លាំង ខណៈកងទ័ពរុស្ស៊ីបង្កើនការធ្វើសកម្មភាពនៅតាមតំបន់ព្រំដែនអ៊ុយក្រែន។ អង់គ្លេស សហរដ្ឋអាមេរិក និងអង្គការ NATO បានបង្ហាញការគាំទ្រដល់រដ្ឋាភិបាលទីក្រុងកៀវ ហើយស្នើឱ្យរុស្ស៊ីដកកងទ័ពវិញជាបន្ទាន់៕