(សៀងហៃ)៖ ចិន និងសហរដ្ឋអាមេរិកបានឯកភាពថានឹងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នៅមុនកិច្ចប្រជុំអន្តរជាតិជុំថ្មីមួយ ដែលគ្រោងនឹងធ្វើឡើងនៅដំណាច់ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមមួយ ដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១។
បើតាមក្រសួងបរិស្ថានចិន ការចេញផ្សាយសេចក្ដីថ្លែងការណ៍រួមខាងលើធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំរវាងបេសកជនពិសេសចិនទទួលបន្ទុកកិច្ចការអាកាសធាតុលោក ហ្ស៊ី ហ្សិនហួរ (Xie Zhenhua) និងសមាភាគីអាមេរិក លោក ចន ឃឺរី (John Kerry) ក្នុងទីក្រុងសៀងហៃ កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រកន្លងទៅនេះ។
សេចក្ដីថ្លែងការណ៍រួមដដែលបានគូសបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិក និងចិនបានប្ដេជ្ញាចិត្តធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមក និងជាមួយបណ្ដាប្រទេស ដទៃដើម្បីដោះស្រាយវិបត្តិអាកាសធាតុ...ហើយប្រទេសទាំង២នឹងបន្តពិភាក្សាគ្នាលើការធ្វើសកម្មភាពជាក់លាក់សំដៅការបន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលមានចែងនៅក្រោមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសបានជំរុញឱ្យបណ្ដាប្រទេសទាំងអស់ក្នុងលោក ប្ដេជ្ញាចិត្តបន្ថែមទៀតតាមដែលអាចធ្វើទៅបានក្នុងការដោះស្រាយ ការប្រែប្រួលអាកាសធាតុ ហើយចិនធ្លាប់បានសន្យារួចហើយថានឹងធ្វើសកម្មភាពឱ្យកាន់តែខ្លាំងដើម្បីសម្រេចឱ្យបាននៅវត្ថុបំណងក្លាយជាប្រទេស «អព្យាក្រឹតកាបូន នៅឆ្នាំ២០៦០»៕