(ញូដេលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅថ្ងៃសៅរ៍នេះបានជំរុញឱ្យប្រជាជន ចាត់ទុកការប្រារព្ធពិធីបុណ្យ គុម មេឡា (Kumbh Mela) ដែលកំពុងបន្តធ្វើឡើងនៅភាគខាងជើង នៃរដ្ឋអ៊ូតតារ៉ាខាញ (Uttarakhand) ត្រឹមជានិមិត្តរូបវិញ (កាត់បន្ថយការចូលរួមកកកុញ) បន្ទាប់ពីមានការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេស ដែលត្រូវបានគេមើលឃើញថា បណ្តាលមកពីការប្រារព្ធពិធីសាសនា ដែលមានសភាពកកកុញបំផុតនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១។
លោក ម៉ូឌី បានបង្ហោះសារនៅលើបណ្តាញសង្គមថា លោកទទួលបានព័ត៌មានថ្មីៗស្តីពីសុខភាពរបស់ ក្រុមអ្នកប្រតិបត្តិមួយឈ្មោះ នីរ៉ានចាន អាខាដា (Niranjan Akhada) ដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 បន្ទាប់ពីពិធីបុណ្យ Kumbh Mela ប្រារព្ធធ្វើឡើងនៅទីក្រុង ហារីដ្វារ (Haridwar)។
សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា លោក ម៉ូឌី បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយអ្នកដឹកនាំសាសនាហិណ្ឌូឈ្មោះ អាវដេសាណាន ហ្គីរី (Avdheshanand Giri) និងបានសួរអំពីសុខភាពរបស់អ្នកចូល នៅក្នុងពិធីសាសនាទាំងអស់នោះ។
សេចក្តីថ្លែងការណ៍នោះ បានគូសបញ្ជាក់ថា «លោកនាយករដ្ឋមន្រ្តី Modi បានស្នើសុំឱ្យរក្សាការប្រារព្ធពិធី Kumbh Mela ត្រឹមជានិមិត្តរូបវិញចាប់ពីពេលនេះតទៅ ខណៈពិធីបុណ្យ សាហ៊ី ស្នាន (shahi snans ឬ ការងូតទឹកស្រោចស្រង់) បានកើតឡើងរួចហើយ។ យើងនឹងពង្រឹងការប្រយុទ្ធប្រឆាំង ជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ»។
ពិធីបុណ្យ Kumbh Mela បានចាប់ផ្តើមប្រារព្ធឡើងចាប់ពីថ្ងៃទី០១ ខែមេសា ហើយនឹងត្រូវអូសបន្លាយរហូតដល់ថ្ងៃទី៣០ ខែមេសា។ អ្នកកាន់សាសនាហិណ្ឌូរាប់ពាន់នាក់ បាននិងកំពុងប្រមូលផ្តុំគ្នានៅទីក្រុង ហារីដ្វារ (Haridwar) រដ្ឋ Uttarakhand ដើម្បីងូតទឹកពិសិដ្ឋនៅទន្លេ ហ្គាន់ជី (Ganges) ដែលជាផ្នែកមួយនៃការប្រារព្ធពិធីសាសនា។ អ្នកកាន់សាសនាទាំងនោះ បានបន្តប្រមូលផ្ដុំគ្នានៅច្រាំងទន្លេ ខណៈប្រទេសឥណ្ឌាកំពុងមើលឃើញរលកទី ២ នៃការឆ្លងរាតត្បាតជំងឺ COVID-19 កាន់តែអាក្រក់។
គួរបញ្ជាក់ថា ការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តីឥណ្ឌា បានកើតឡើងបន្ទាប់ពីមានមនុស្សជិត ២,០០០នាក់ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 នៅឯពិធីបុណ្យ Kumbh Mela ក្នុងរយៈពេលប្រហែល ១សប្តាហ៍កន្លងទៅនេះ។ របាយការណ៍បានឱ្យដឹងទៀតថា ក្រុមអ្នកកាន់សាសនាជាច្រើនបានឆ្លងជំងឺ COVID-19 នៅពេលធ្វើការប្រមូលផ្ដុំគ្នា ដើម្បីប្រារព្ធពិធីសាសនា៕