(តូរ៉ុនតូ)៖ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) នៅថ្ងៃសុក្រសប្ដាហ៍នេះបានថ្លែងថា ក្រុមហ៊ុនអាមេរិក Pfizer កំពុងបង្កើនចំនួនវ៉ាក់សាំងបង្ការជំងឺ COVID-19 ទ្វេដងដល់ប្រទេសកាណាដា ក្នុងរយៈពេលមួយខែទៀត ហើយលោកបានប្រកាសថា កាកបាទក្រហមនឹងជួយសម្រួល ដល់ដំណើរការចាក់វ៉ាក់សាំង ចំពេលមានការកត់ត្រា អំពីរលកនៃការឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១។
លោក Trudeau បានគូសបញ្ជាក់ថា ជំងឺឆ្លងរាតត្បាតពេលនេះ មានស្ថានភាពអាក្រក់ខ្លាំង ជាពិសេសនៅទីក្រុងដ៏ធំបំផុតរបស់កាណាដា នោះគឺទីក្រុង តូរ៉ុនតូ (Toronto) ជាកន្លែងដែលបានបំបែកកំណត់ត្រា នូវចំនួនករណីឆ្លងកើនឡើងជាប្រចាំថ្ងៃ។
លោក Trudeau បានគូសបញ្ជាក់បន្ថែមថា «ខេត្ត អនតារីយ៉ូ (Ontario) បានស្វែងរកជំនួយបន្ថែមទៀត។ ខ្ញុំអាចប្រាប់អ្នកនៅថ្ងៃនេះថា យើងកំពុងឈរជើងដោយការដាក់ពង្រាយ កាកបាទក្រហមកាណាដា ដើម្បីជួយសម្រួលដល់ក្រុមចាក់វ៉ាក់សាំងចល័តរបស់ពួកគេ។ ប្រការនេះមានន័យថា ការចាក់វ៉ាក់សាំងគឺផ្ដល់ជូនដល់មនុស្ស ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត»។
បើតាមលោកនាយករដ្ឋមន្រ្តី Trudeau នេះទំនងជាដំណាក់កាលចុងក្រោយ និងធ្ងន់ធ្ងរបំផុតនៃជំងឺរាតត្បាតនេះហើយ ប៉ុន្តែលោកបានប្រកាសថា ប្រទេសកាណាដា នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ចំនួន ៤លានដូសនៅក្នុងខែឧសភា, ២លានដូសនៅក្នុងខែមិថុនា និង ២លានដូសបន្ថែមទៀតនៅក្នុងខែកក្កដា។
ជាមួយនិងការផ្ដល់ជូនបន្ថែមខាងលើនេះ ប្រទេសកាណាដាមានប្រជាជនចំនួន ៣៨លាននាក់ នឹងទទួលបានវ៉ាក់សាំង Pfizer សរុបចំនួន ២៤លានដូសរហូតដល់ខែមិថុនា។ គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ កាណាដាមានអ្នកឆ្លង COVID-19 សរុបជាង ១,១០០,០០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ២៣,៥០០នាក់ និងជាសះស្បើយវិញជាង ១លាននាក់។ អត្រាឆ្លង COVID-19 ប្រចាំថ្ងៃនៅកាណាដាគឺជិត ១០,០០០នាក់៕