(តេហេរ៉ង់)៖ ប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូមក្នុងកម្រិត ៦០ភាគរយហើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arabic News នៅថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១។

លោក Ali Akbar Salehi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Tasnim ថា «ការបង្កើនការចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូមក្នុងកម្រិត ៦០ភាគរយ នាពេលបច្ចុប្បន្នកំពុងដំណើរការនៅឯរោងចក្រនុយក្លេអ៊ែរ Shahid Ahmadi Roshan នៅតំបន់ Natanz ស្ថិតភាគកណ្ដាលនៃប្រទេសអ៊ីរ៉ង់»

ទន្ទឹមនឹងនេះដែរ ប្រធានសភាអ៊ីរ៉ង់លោក Mohammad Baqer Qalibaf បានសរសេរលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «ខ្ញុំមានមោទនភាពសូមប្រកាសថា នៅវេលាម៉ោង ០០: ៤០ នាទីយប់ (ម៉ោងសកល ២០:១០ GMT ថ្ងៃព្រហស្បតិ៍) ... អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់អាចទទួលបានផលិតផលអ៊ុយរ៉ាញ៉ូមដែលអាចចម្រាញ់ក្នុងកម្រិត ៦០ភាគរយ»

គួរបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ អ៊ឺរ៉ង់ត្រូវបានអនុញ្ញាតឲ្យចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដល់កម្រិតខ្ពស់បំផុតត្រឹម៣.៦៧ភាគរយប៉ុណ្ណោះ ហើយការស្តុកទុកមិនត្រូវច្រើនជាង៣០០គីឡូក្រាមនោះទេ។ ប៉ុន្តែបន្ទាប់ពីសហរដ្ឋអាមេរិក បានដកខ្លួនជាលក្ខណៈឯកតោភាគី ចេញពីកិច្ចព្រមព្រៀង និងដាក់ទណ្ឌកម្មលើខ្លួនឡើងវិញ កាលពីជំនាន់រដ្ឋបាលលោក ត្រាំ អ៉ីរ៉ង់ ក៏បានចាប់ផ្តើម កាត់បន្ថយការគោរពកិច្ចព្រមព្រៀង ហើយនៅដើមឆ្នាំនេះ បានបង្កើនការចម្រាញ់អ៊ុយរ៉ាញ៉ូមដល់២០ភាគរយ។

កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអ៉ីរ៉ង់ លោក Hassan Rouhani បានប្រកាសថា ការសម្រេចបង្កើនការចម្រាញ់អ៊ុយរ៉ាញ៉ូមឲ្យដល់កម្រិត៦០ភាគរយ គឺជាការឆ្លើយតបចំពោះអំពើអាក្រក់ ដែលប្រព្រឹត្តដោយប្រទេសមួយចំនួន ដែលទំនងលោកចង់សំដៅទៅសហរដ្ឋអាមេរិក៕