(បាងកក)៖ ទីក្រុងបាងកក និងខេត្តចំនួន ១៧ផ្សេងទៀតនៅប្រទេសថៃ ត្រូវបានប្រកាសថា ជាតំបន់ត្រួតត្រាជាអតិបរមា ឬ«តំបន់ក្រហម» នៅថ្ងៃសុក្រ ទី១៦ មេសានេះ ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងរលកឆ្លងជាលើកទី ៣ នៃជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
បើតាមការគូសបញ្ជាក់របស់អាជ្ញាធរបានឲ្យដឹងថា ចាប់ពីថ្ងៃអាទិត្យនេះទៅ វិធានការណ៍រឹតត្បឹតផ្សេងៗ នឹងត្រូវអនុវត្តរួមមានទាំងការហាមឃាត់សកម្មភាពមួយចំនួន និងការបិទកន្លែងជាច្រើនដើម្បីកំណត់ចលនារបស់មនុស្ស និងកាត់បន្ថយហានិភ័យនៃការឆ្លង។
ទោះជាយ៉ាងណា អ្នកនាំពាក្យនៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង COVID-19 លោក Taweesin Visanuyothin បាននិយាយថា «មិនមានការដាក់បម្រាមគោចរនោះទេ»។
ភោជនីយដ្ឋាន និងហាងកាហ្វេនៅតំបន់ក្រហម នឹងអាចដំណើរការរហូតដល់ម៉ោង ១១យប់។ ប៉ុន្តែការទទួលទានអាហារពេលល្ងាចនៅក្នុងភោជនីយដ្ឋាន នឹងត្រូវបានអនុញ្ញាតបានត្រឹមម៉ោង ០៩យប់ ខណៈដែលការទទួលទានស្រានឹងត្រូវហាមឃាត់។
លោក Taweesin បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រនេះថា «អាហារសម្រាប់ដឹកយកទៅដល់ផ្ទះ អនុញ្ញាតលក់រហូតដល់ម៉ោង ១១យប់ ដើម្បីឲ្យសកម្មភាពអាជីវកម្មនៅបន្តដំណើរការ»។
នៅទូទាំងប្រទេស កន្លែងកម្សាន្តពេលរាត្រី ដូចជាហាងស្រា បារ និងហាងម៉ាស្សានឹងត្រូវប្រឈមនឹងការបិទបណ្តោះអាសន្នយ៉ាងហោចណាស់ រយៈពេល ១៤ថ្ងៃ។ ចំណែកឯសាលារៀន និងសាកលវិទ្យាល័យក៏មិនត្រូវបានអនុញ្ញាតឲ្យដំណើរការដែរ លើកលែងតែមានការអនុញ្ញាតពីក្រសួងអប់រំ សម្រាប់ហេតុផលពិសេសដូចជាការប្រឡងជាដើម។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះប្រទេសថៃបានរកឃើញអ្នកឆ្លង COVID-19 ចំនួន ១,៥៨២នាក់ទៀត ដោយក្នុងនោះមានតែ ០៥នាក់ប៉ុណ្ណោះ ជាករណីនាំចូលពីក្រៅប្រទេស។ នេះជាតួលេខខ្ពស់បំផុតថ្មីមួយទៀតសម្រាប់ថៃ និងជាថ្ងៃទី ៥ ហើយដែលប្រទេសអាស៊ានមួយនេះ បានរាយការណ៍ករណីឆ្លង ប្រចាំថ្ងៃខ្ពស់បំផុត៕