(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិនកាលពីថ្ងៃពុធសប្ដាហ៍នេះបានប្រកាសជាផ្លូវការពីការដកកងទ័ពអាមេរិកទាំងអស់ចេញពីប្រទេសអាហ្វហ្កានីស្ថាន ដើម្បីបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង២០ឆ្នាំមកនេះ។ ការដកកងទ័ពដែលទទួលបានការយល់ស្របពីរដ្ឋាភិបាលអាហ្វហ្កានីស្ថាន និងមានការចូលរួមពីអង្គការ NATO ផងនោះនឹងត្រូវធ្វើឡើងនៅមុនថ្ងៃទី១១ ខែកញ្ញា ពោលគឺចំថ្ងៃខួប២០ឆ្នាំនៃការវាយប្រហារមហាភេរវកម្មលើសហរដ្ឋអាមេរិក។
គិតត្រឹមចន្លោះពីឆ្នាំ២០១០ ដល់ឆ្នាំ២០១១ កងទ័ពអាមេរិកដល់ទៅ ១០០,០០០នាក់មានវត្ដមាននៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ហើយចំនួននេះបានថយចុះជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១១មក នៅក្រោមរដ្ឋបាលអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា។ លោក បៃដិនគឺជាប្រធានាធិបតីអាមេរិកទី៤ហើយដែលបានចូលរួមកិច្ចការ ដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន។ តែតាមការពិតទៅ ការសម្រេចបាននូវការដកកងទ័ពក៏មានការចូលរួមចំណែកពីអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ផងដែរដ្បិត លោកជាអ្នកសម្រេចបានការចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមតាលីបង់ជាថ្នូរនឹងការសន្យាដកកងទ័ពអាមេរិកទាំងអស់ចេញពីអាហ្វហ្គានីស្ថាន នៅមុននេះខែឧសភា ឆ្នាំ២០២១នេះ។ ម្យ៉ាងវិញទៀត នៅក្រោមសម័យដឹកនាំរបស់លោក ដូណាល់ ត្រាំ ចំនួនកងទ័ពអាមេរិកក្នុងប្រទេសអាហ្វហ្កានីស្ថានបានថយចុះលឿនបំផុតមកនៅត្រឹម ២,៥០០នាក់ នាពេលបច្ចុប្បន្ន។
*អាមេរិកបានដូចបំណង
នៅក្នុងសុន្ទរកថាចេញពីសេតវិមានលោក ចូ បៃដិនបាននិយាយវាជាពេលត្រូវបញ្ចប់សង្រ្គាមរបស់អាមេរិកដ៏យូអង្វែង។ លោកបានពន្យល់ថាការសម្រេចចិត្តដកកងទ័ព គឺដោយសារតែសហរដ្ឋអាមេរិកគ្មានហេតុផលណាមួយត្រូវបន្តរក្សាវត្តមានកងទ័ពក្នុងប្រទេសអាហ្វហ្កានីស្ថានតទៀតឡើយ។ លោកបៃដិនចង់សំដៅទៅលើវត្ថុបំណង ដែលអាមេរិកប្រកាសធ្វើសង្រ្គាមកាលពីជាង២០ឆ្នាំមុន។
សហរដ្ឋអាមេរិកបានប្រកាសធ្វើសង្រ្គាមនៅអាហ្វហ្គានីស្ថានគឺតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការវាយប្រហារលើអគារពាណិជ្ជកម្មពិភពលោកក្នុងទីក្រុងញូយ៉កនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ អាមេរិកនៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក ចច ដាប់ប៊ែល យូប៊ូសបានចោទថាក្រុមអាល់កៃរបស់ Osama bin Laden ជាអ្នកនៅពីក្រោយការវាយប្រហារនេះ និងចោទដែរថាអាហ្វហ្កានីស្ថាននៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលតាលីបង់នៅពេលនោះគឺជាអ្នកជួយលាក់បំពួនមេភេរវករ អាល់កៃដារូបនេះ។
រហូតដល់ខែឧសភា ឆ្នាំ២០១១ ទើបកងកម្ម៉ង់ដូរពិសេសអាមេរិកអាចសម្លាប់ Osama bin Laden បាននៅក្នុងប្រទេសប៉ាគីស្ថាន។ ការសម្លាប់ bin Laden នេះហើយដែល លោកបៃដិន យកមកសំអាងជាហេតុផលមួយក្នុងការសម្រេចចិត្តដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន។ «យើងបានចូលទៅកាន់អាហ្វហ្កានីស្ថានដោយសារតែ ការវាយប្រហារដ៏រន្ធត់កាលពីជាង២០ឆ្នាំមុន...ដើម្បីតាមប្រមាញ់ Osama bin Laden។ បេសកកម្មនេះត្រូវបានបញ្ចប់ដោយជោគជ័យ ហើយអាហ្វហ្កានីស្ថានក៏លែង ក្លាយជាឋានសួគ៌របស់ភេរវករដែរ...ដូច្នេះគ្មានហេតុផលអាចពន្យល់បានថាហេតុអ្វីបានជាយើងត្រូវបន្តស្ថិតនៅទីនោះទៀតទេ?»។ នេះជាការបញ្ជាក់របស់លោក បៃដិន នៅក្នុងសុន្ទរកថាចេញពីសេតវិមានកាលពីថ្ងៃពុធ។
គួរបញ្ជាក់ថា កងទ័ពអាមេរិក ២,៤៨៨នាក់បានស្លាប់នៅក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន និង២០,៧២២នាក់ទៀតរងរបួស។ តែទោះជាយ៉ាងនេះក្ដីក្រុមអ្នកជំនាញ យល់ឃើញខុសពីលោក បៃដិន។ ពួកគេខ្លះយល់ថាការសម្រេចចិត្តរបស់លោក បៃដិនអាចមានជាប់ពាក់ព័ន្ធនឹងចិន រីឯខ្លះទៀតថាជាបរាជ័យរបស់សហរដ្ឋអាមេរិកពីព្រោះ ២០ឆ្នាំក្រោយសង្រ្គាម អាហ្វហ្កានីស្ថានមិនមានការផ្លាស់ប្ដូរអ្វីជាដុំកំភួននោះទេ។ ពួកគេក៏បារម្ភដែរពីសមត្ថភាពរបស់រដ្ឋាភិបាលទីក្រុងកាប៊ុលក្នុងការការពារសន្តិសុខ ដោយខ្លួនឯង ហើយរឹតតែបារម្ភទៅទៀតនោះគឺខ្លាចក្រោយការដកកងទ័ពអាមេរិក និង NATO ចេញ អាហ្វហ្កានីស្ថានទាំងមូលអាចនឹងធ្លាក់ចូលសាជាថ្មី ទៅក្នុងកណ្ដាប់ដៃរបស់ក្រុមតាលីបង់។
*ប្ដូរយុទ្ធសាស្រ្តមកផ្ដោតលើចិន
នៅក្នុងសុន្ទរកថាកាលពីថ្ងៃពុធ លោក ចូ បៃដិនក៏បានលើកឡើងបន្តិចដែរពីចិន។ លោក បៃដិនថាសហរដ្ឋអាមេរិកត្រូវតែផ្ដោតលើបញ្ហាប្រឈមមុខនៅចំពោះមុខ ដោយសង្កត់ធ្ងន់ពីការគំរាមកំហែងនៃការវាយប្រហារព័ត៌មានវិទ្យា និងការកើនឡើងនៃទំនាក់ទំនងតានតឹងជាមួយចិន។ «យើងត្រូវតែពង្រឹងការប្រកួតប្រជែងរបស់ សហរដ្ឋអាមេរិកដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងដែលយើងកំពុងប្រឈមមុខជាមួយចិន»។ នេះជាការកត់សម្គាល់របស់លោក បៃដិន។
រដ្ឋបាលលោក បៃដិនបានចាត់ទុកថាចិនជាសត្រូវភូមិសាស្ត្រនយោបាយធំបំផុតរបស់សហរដ្ឋអាមេរិកក្នុងស.វទី២១នេះ។ ការផ្ដោតខ្លាំងពេកតែទៅលើសង្រ្គាមប្រឆាំង ភេរវកម្មរបស់អាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសនៅអាហ្វហ្កានីស្ថានចាប់តាំងពីឆ្នាំ២០០១មកបានទុកឱកាសឱ្យចិនពង្រឹងសមត្ថភាពរឹតតែខ្លាំងរហូតដល់អាមេរិក ខ្លួនឯងទប់សឹងមិនជាប់។ បើតាមការវាយតម្លៃពីសាកលវិទ្យាល័យ Brown University សហរដ្ឋអាមេរិកបានចំណាយជាង ៦.៤ទ្រីលានដុល្លារលើសង្រ្គាមប្រឆាំងភេរវកម្ម ចាប់ពីចុងឆ្នាំ២០០១ រហូតដល់ចុងឆ្នាំ២០២០ ដែលនេះស្មើនឹងកញ្ចប់ថវិកាជាតិរបស់ជប៉ុនរយៈពេល ៧ឆ្នាំឯណោះ។
ប្រហែលជាមើលឃើញពីការកើនឡើងនៃឥទ្ធិពលចិននេះហើយ ទើបទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកកាលពីខែមីនាកន្លងទៅបានដាក់ជូនសភាត្រួតពិនិត្យនូវផែនការ៦ឆ្នាំដែលត្រូវការធនធាន ២៧.៣ពាន់លានដុល្លារដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនខ្ទប់ឥទ្ធិពល និងមិនឱ្យចិនដណ្ដើមឥទ្ធិពលអាមេរិកនៅក្នុងតំបន់។ ចង់ទប់ស្កាត់ឥទ្ធិពលចិន ទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានផែនការបង្កើតបណ្ដាញមីស៊ីលនៅទូទាំងតំបន់យុទ្ធសាស្ត្រ «First Island Chain» នៃតំបន់ប៉ាស៊ីហ្វិកភាគខាងលិចដែលលាតសន្ធឹងពីកោះអូគីណាវ៉ារបស់ជប៉ុន រហូតដល់ប្រទេសហ្វីលីពីន។ ដូច្នេះការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថានអាចនឹង ជួយសហរដ្ឋអាមេរិកបង្វែរ ឬប្រមូលបានធនធានបន្ថែមដើម្បីផ្តោតទៅលើតំបន់អាស៊ីប៉ាស៊ីហ្វិកជាទីដែលឥទ្ធិពលចិនកើនឡើងរឹតតែខ្លាំង។
ដើម្បីសម្រេចគោលដៅនេះ សហរដ្ឋអាមេរិកត្រូវការជាចំាបាច់កិច្ចសហប្រតិបត្តិកពីតួអង្គសំខាន់មួយចំនួននៅក្នុងតំបន់ដូចជាហ្វីលីពីន និងឥណ្ឌូណេស៊ី។ ក៏ប៉ុន្តែក្នុង ចំណោមប្រទេសទាំងនេះអាចនឹងប្រទេសខ្លះប្រឆាំងនឹងការដំឡើងប្រព័ន្ធមីស៊ីលអាមេរិក ពីព្រោះពួកគេបារម្ភថាការធ្វើដូច្នេះអាចប្រឈមមុខនឹងហានិភ័យ នៃការវាយប្រហារយោធាតាមផ្លូវអាកាស ឬទណ្ឌកម្មសេដ្ឋកិច្ចពីចិន៕
ប្រភព៖ Nikkei (ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១)