(សេអ៊ូល)៖ វិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House នៅថ្ងៃសុក្រនេះបាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ិន (Moon Jae-In) គ្រោងនឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក នៅពាក់កណ្តាលខែឧសភាខាងមុខនេះ ដើម្បីចូលរួមកិច្ចពិភាក្សាកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ទៅតាមការអញ្ជើញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១។
អ្នកនាំពាក្យវិមាន Blue House លោក Kang Min-seok បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីទាំងពីរនៅតែស្ថិតក្នុងការពិគ្រោះយោបល់ អំពីកាលវិភាគលម្អិតសម្រាប់ដំណើរទស្សនកិច្ចរបស់លោក Moon ដែលនឹងត្រូវផ្សព្វផ្សាយជាសាធារណៈ នៅពេលដែលត្រូវបានកំណត់រួចរាល់។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ លោក Moon និងលោក Biden ត្រូវបានគេរំពឹងថា នឹងធ្វើការពិភាក្សាស៊ីជម្រៅ ស្តីពីការបន្តការអភិវឌ្ឍសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ក៏ដូចជាមធ្យោបាយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ ព្រមទាំងការសម្រេចបានសន្តិភាពជាអចិន្រ្តៃយ៍ នៅឧបទ្វីបកូរ៉េ៕